(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចផ្លាស់ប្តូរ ពីអភិបាលខណ្ឌ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃវិញ។

យោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀល ថ្ងៃនេះ បានបញ្ជាក់ថា «ត្រូវបានផ្ទេរភារកិច្ច លោក គួច ចំរើន ឋានន្តរស័ក្តិឧត្តមន្រ្តីថ្នាក់លេខ៦ ជាអភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ មកជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ»

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោក សុខ ពេញវុធ ដែលជាអភិបាលរង នឹងត្រូវតែងតាំងជំនួសលោក គួច ចំរើន។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ពិធីប្រកាសផ្លាស់ប្តូរដំណែងអភិបាលខណ្ឌដូនពេញ នឹងត្រូវធ្វើនៅពេលណានោះទេ៕