(ភ្នំពេញ)៖ អស់រយៈពេលជិត៩ខែមកហើយ ដែលគម្រោងសាងសង់អគារភ្លោះ កម្ពស់ជាង៥០០ម៉ែត្រ ត្រូវបានប្រកាសឡើង ប៉ុន្តែរហូតមកដល់ពេលនេះគម្រោងនេះ ហាក់បីដូចជាគ្មានការវិវត្តន៍ទៅមុខឡើយ ពោលគឺកន្លែងដែលត្រូវសាងសង់អគារកម្ពស់ជាង១៣០ជាន់ នៅលើដីអតីតសួនកម្សាន្ត ឌ្រឹមលែននៅដដែល មិនឃើញមាន ការសាងសង់អ្វីនោះទេ បើទោះបីជាក្រុមហ៊ុនអះអាងថា នឹងត្រូវសាងសង់នៅចុងឆ្នាំ២០១៦ យ៉ាងណាក្តី។

ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា មានសេចក្តីត្រេកអរយ៉ាងខ្លាំងថា បានមើលឃើញនូវអគារភ្លោះខ្ពស់ជាងគេបំផុត នៅរាជធានីភ្នំពេញ ឬអាចនិយាយបានថា ជាអគារដែលខ្ពស់ជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីក្រុមហ៊ុន ថៃ ប៊ុនរ៉ុង របស់កម្ពុជា វិនិយោគរួមគ្នាជាមួយ ក្រុមហ៊ុន៣ផ្សេងទៀតរប​ស់ចិន ប្រកាសពីវិនិយោគ ទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក សាងសង់អគារកម្ពស់៥០០ម៉ែត្រ ស្មើនឹង១៣៣ជាន់។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ហាក់ដូចជានៅឆ្ងាយ ព្រោះថាចុងឆ្នាំ២០១៦ទៅហើយ ការសាងសង់នៅមិនទាន់ចាប់ផ្តើម បង្ហាញរូបរាងនៅឡើយទេ។

នៅចាំបានថា ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង របស់កម្ពុជា បានចុះកិច្ចព្រមព្រៀងរួមគ្នាជាមួយក្រុមហ៊ុនចិន ស្តីពីអភិវឌ្ឍន៍គម្រោងអគារភ្លោះ៥០០ម៉ែត្រនេះ កាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ ក្រោមការចូលរួមរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដើម្បីស្វាគមន៍ គម្រោងដ៏អស្ចារ្យមិនធ្លាប់មាននៅកម្ពុជា ដែលសាងសង់លើផ្ទៃដីជិត ៥ហិកតា ស្ថិននៅអតីតសួនកម្សាន្ត ឌ្រឹមលែន។

ពាក់ព័ន្ធនឹងការនៅទ្រឹង របស់គម្រោងអគារភ្លោះ កម្ពស់៥០០ម៉ែត្រនេះ អ្នកនាំពាក្យក្រសួងដែនដី នគររូបនីកម្ម និងសំណង់ លោក សេង ឡូត បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ថា លោកសូមមិនអត្ថាធិប្បាយអ្វីឡើយ ដោយលោកអះអាងថា មិនមានព័ត៌មានលំអិតអ្វីថ្មី ពាក់ព័ន្ធនឹងគម្រោងមួយនេះ។

យ៉ាងណាក៏ដោយពាក់ព័ន្ធ គម្រោងសាងសង់នៅទ្រឹងនេះ អង្គភាព Fresh News មិនអាចទំនាក់ទំនងតំណាងក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដើម្បីបញ្ជាក់បន្ថែមនៅឡើយនោះទេ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

សូមជម្រាបថាអគារភ្លោះកម្ពស់១៣៣ជាន់ ស្មើនឹង៥០០ម៉ែត្រ ដែលជាគម្រោងដ៏សម្បើមមួយនៅកម្ពុជា ត្រូវបានក្រុមហ៊ុនអះអាងថា នៅចុងឆ្នាំ២០១៦ បញ្ចប់នៅឆ្នាំ២០១៩៕