(ភ្នំពេញ)៖ ទីបំផុតក្រុមជម្រើសជាតិកម្ពុជា មិនអាចរកបានពិន្ទុមុនត្រឡប់មកផ្ទះវិញនោះទេ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ២-១ នៅក្នុងជំនួបបង្គ្រប់កិច្ចពូល​B នៃពានរង្វាន់ AFF Suzuki Cup 2016 ដែលទើបបញ្ចប់ការប្រកួតមុននេះ ខណៈក្រុមមីយ៉ាន់ម៉ា បានយកឈ្នះក្រុមម៉ាឡេស៊ី ក្នុងជំនួបកាត់សេចក្ដីដោយលទ្ធផល ១-០ ដែលធ្វើក្រុមម្ចាស់ផ្ទះនេះ ត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមវៀតណាមតែម្ដង។

សម្រាប់ការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមគោព្រៃខៀវកម្ពុជា និងវៀតណាម នៅដើមតង់ទី១ កីឡាករវៀតណា Luat Truong Dinh បានទទួលកាតក្រហមម្នាក់ បន្ទាប់ពីរារាំងកីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី១០។ ប៉ុន្ដែទោះបីវៀតណាម បាត់បង់សមាជិកម្នាក់ក្ដី ក៏ក្រុមគោព្រៃកម្ពុជា មិនអាចធ្វើអ្វីក្រុមប្រទេសជិតខាងនេះបានឡើយ ផ្ទុយទៅវិញត្រូវបានកីឡាករ Cong Vinh Le បំប៉ោងសំណាញ់ទីកម្ពុជា ១គ្រាប់ ដែលធ្វើឲ្យវៀតណាមនាំមុខ ១-០ នៅតង់ទី១។

ឈានចូលតង់ទី២ ក្រុមទាំងពីរបានបង្កើតឱកាសរៀងៗខ្លួន ប៉ុន្ដែគួរឲ្យស្ដាយខ្សែការពាររបស់កម្ពុជា ណុប តុលា បានភ្លាត់ស្នៀតទាត់ចូលទីខ្លួនឯង ធ្វើឲ្យវៀតណាមនាំមុខ ២-០ ត្រឹមនាទីទី​៥០។ តែទោះជាបែបនេះក្ដីកីឡាករកម្ពុជា នៅតែព្យាយាមវាយបករហូតដល់នាទីទី៦៥ ទើបកីឡាករ ច្រឹង ពលរដ្ឋ ទាត់បាល់ពីចម្ងាយបំប៉ោងសំណាញ់ទីក្រុមវៀតណាម ១គ្រាប់ និងមានឱកាស​ទាត់ពីចម្ងាយ ១គ្រាប់ទៀតនៅចុងម៉ោង តែប៉ះបង្គោលទី ធ្វើឲ្យចប់ការប្រកួតកម្ពុជា ចាញ់វៀតណាម ២-១ តែម្ដង។

ជាមួយនឹងការបរាជ័យនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា រក្សាតំណែងបាតតារាង ក្រោយឆ្លងកាត់ ៣ប្រកួត ចាញ់ទាំង ៣ប្រកួតគ្មានពិន្ទុរាប់ឡើយ ដូច្នេះកម្ពុជា នឹងត្រូវត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៧ ខែវិច្ឆិកាស្អែកនេះ។

ដោយឡែកក្រុមជម្រើសជាតិវៀតណាម បានរក្សាតំណែងកំពូលតារាងរបស់ខ្លួន ដោយមាន ៩ពិន្ទុពេញ បន្ទាប់ពីទទួលបានជ័យជម្នះលើគូប្រកួតក្នុងពូលB ៣ប្រកួតជាប់គ្នា ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយឡែកក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានធ្វើឲ្យអ្នកគាំទ្របស់ខ្លួនពេញចិត្តជាខ្លាំង តាមរយៈការយកឈ្នះក្រុមភ្ញៀវម៉ាឡេស៊ី ដោយលទ្ធផល ១-០ ដែលធ្វើសម្រេចដោយកីឡាករ David Htan នៅនាទីទី៨៩។ ជ័យជម្នះនេះ បានធ្វើឲ្យមីយ៉ាន់ម៉ា ឡើងឈរលេខរៀងទី២ និងមាន ៦ពិន្ទុជាមួយលទ្ធផលការប្រកួត ៣លើកឈ្នះ១ ស្មើ១ និងចាញ់១ ហើយត្រូវឡើងទៅវគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ជាមួយវៀតណាម ។ រីឯក្រុមម៉ាឡេស៊ី បានបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមចំណាត់ថ្នាក់លេខ៣ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ១ និងចាញ់២៕