(កណ្តាល)៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ មានករណីចាប់ជំរិតនារីម៉ាស្សាជនជាតិចិនម្នាក់ បានកើតឡើងនៅបុរី New Town សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួចហើយក្រុមជនល្មើស២នាក់ ដែលជាជនជាតិចិនដែរនោះ បាននាំនារីរងគ្រោះទៅបង្ខាំងទុកនៅក្នុងបន្ទប់ផ្ទះសំណាក់ «ដាល្លាវ៉ាន់» ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទារលុយចំនួន១ម៉ឺនដុល្លារពីថៅកែស្រីនារីរងគ្រោះ។

សម្រាប់បទល្មើសមួយនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងមនគរបាល​ក្រុងតាខ្មៅ ខេត្តកណ្តាល បានបើកប្រតិបត្តិការពេញមួយថ្ងៃ ទើបឈានទៅដល់បង្ក្រាប​ដោយជោគជ័យ ដោយបានចាប់ខ្លួនជនសង្ស័យទាំង២នាក់ និងបានរំដោះនារីរងគ្រោះផងដែរ។

តាមពិតទៅប្រតិបត្តិការនេះ បានបញ្ចប់ទៅហើយ ប៉ុន្តែនៅក្នុងអំឡុងនៃប្រតិបត្តិការតាមចាប់ក្រុមល្មើសនោះ រហូតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ទាំងសមត្ថកិច្ច និងទាំងអ្នកសារ​ព័ត៌មាន បាននិយាយដដែលៗ និងរិះគន់ចំៗ ទៅលើស្រ្តីជាម្ចាស់ផ្ទះសំណាក់ដែលគេដឹងថា ជាភរិយាស្នងការរងនគរបាលខេត្តកណ្តាល ទទួលបន្ទុកធនធានមនុស្ស គឺលោក ចាន់ សាវឿន។

ការរិះគន់នោះដោយសារតែស្រ្តីម្ចាស់ផ្ទះសំណាក់មិនបានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចនោះទេ ហើយថែមទាំងកុហកសមត្ថកិច្ចទៀតផងថា ក្រុមជនល្មើស និងនារីរងគ្រោះដែល​ត្រូវគេបង្ខាំងនោះ មិនស្ថិតនៅបន្ទប់ក្នុងផ្ទះសំណាក់របស់ខ្លួននោះទេ។ កុំតែបានកម្លាំងសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញាសម្រុកចូលទៅក្នុងបន្ទប់នោះ កុំអីប្រតិបត្តិការមួយនេះ​នឹងបរាជ័យ ចាប់ជនល្មើសមិនបានឡើយ ដោយសារតែម្ចាស់ផ្ទះសំណាក់មិនសហការជាមួយ។

មន្រ្តីនគរបាលម្នាក់ដែលបានចូលរួមបង្ក្រាបបទល្មើសមួយនេះ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ច ឃាត់ខ្លួនបក្ខពួកម្នាក់ហើយនោះ រូបគេបានប្រាប់ថា គ្នាវាម្នាក់ទៀតកំពុងលាក់ខ្លួន​នៅក្នុងបន្ទប់​ផ្ទះ​​សំណាក់ «ដាល្លារ៉ាន់» បន្ទប់លេខ១១៣។ បន្ទាប់ពីបានចម្លើយរបស់ជនសង្ស័យនេះហើយ កម្លាំងនគរបាលបានទៅកាន់ផ្ទះសំណាក់នេះ ប៉ុន្តែបែរជាម្ចាស់សំណាក់ មិនសហការជាមួយនគរបាលនោះទេ ធ្វើឲ្យដំណើរការចូលបង្ក្រាបជនសង្ស័យមានការរាំងស្ទះ ប៉ុន្តែដោយសារមានការអន្តរាគមន៍ពីថ្នាក់លើ ទើបកម្លាំងរុកចូលបាន និងឃាត់ខ្លួនជនសង្ស័យ​ម្នាក់ទៀត រហូតរំដោះនារីរងគ្រោះចេញមកក្រៅផងដែរ។

មន្រ្តីនគរបាលរូបនេះ បានបន្តថា «ពេលទៅដល់ហើយយើងបានសួរនាំគាត់ (ម្ចាស់ផ្ទះសំណាក់)ថា សុំចូលចាប់ជនល្មើស និងនារីរងគ្រោះស្នាក់នៅក្នុងបន្ទប់លេខ១១៣ តែពេលនោះគាត់ឆ្លើយថា អត់មានមនុស្សទេនៅក្នុងបន្ទប់នោះចេញអស់ហើយ»។ ដោយសារតែបក្ខពួកបានសារភាពថា នៅក្នុងបន្ទប់ទើបកម្លាំងសម្រេចចូល ហើយក៏ឃើញជនសង្ស័យ និងនារីរងគ្រោះតែម្តងព្រមទាំងវត្ថុតាងជាក់ស្តែងទៀតផង។

បើតាមមន្រ្តីនគរបាល ការចូលទៅស្នាក់នៅរបស់ក្រុមជនល្មើស ខាងម្ចាស់ផ្ទះសំណាក់ មិនបានយកលិខិតឆ្លងដែន ឬឯកសារអ្វីទុកនោះឡើយ ពោលចូលស្នាក់នៅគ្មានឯកសារអ្វី​តម្កល់ទាល់តែសោះ គឺវាខុសនឹងការណែនាំរបស់ក្រសួងជំនាញ និងអាជ្ញាធរពាក់ព័ន្ធទៅហើយ។ នេះម្ចាស់ផ្ទះសំណាក់របស់លោកស្នងការរង បើប្រជាពលរដ្ឋធម្មតា និងគ្មានខ្សែទុយោនោះ ប្រហែលជាមន្រ្តីជំនាញតាមរករឿងចាត់ការវិធានការតាមច្បាប់បាត់ទៅហើយ។

សូមបញ្ជាក់ថា ជនជាតិចិន២នាក់ បានរៀបចំគម្រោងចាប់ជំរិតនារីម៉ាស្សាជនជាតិចិន ដូចគ្នាដោយទាមទារប្រាក់ពីម្ចាស់ហាងម៉ាស្សា អ៊ីសាំងម៊ី ជាថៅកែនារីរងគ្រោះចំនួន១ម៉ឺនដុល្លារ​បើមិនឲ្យទេ នឹងសម្លាប់ចោលនៅម៉ោង៣រសៀលថ្ងៃដដែលនោះ។

ប៉ុន្តែជនសង្ស័យទាំង២នាក់ត្រូវបានចាប់ខ្លួនរួមមានទី១-ឈ្មោះ យាក ពីង អាយុ៣៨ឆ្នាំ និងទី២-ឈ្មោះ អើ ជឺសៀង អាយុ៤២ឆ្នាំ អ្នកទាំងពីរមានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ចំណែកនារីរងគ្រោះឈ្មោះ ស៊ឹង ពីងយី អាយុ២៤ឆ្នាំ មានមុខរបរជានារីម៉ាស្សាមួយកន្លែង នៅក្នុងបុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សម្រាប់ជនសង្ស័យទាំង២នាក់ នឹងត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕