(ភ្នំពេញ)៖ ឪពុកម្តាយ និងសិស្សានុសិស្ស រៀននៅសាលាបឋមសិក្សាពោធិ៍ចិនតុង ស្ថិតនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានរិះគន់ ដល់គ្រូៗមួយចំនួន នៅតែបន្តយកលុយពីសិស្សម្នាក់ៗ៥០០រៀល ក្នុងមួយថ្ងៃក្នុងឆ្នាំសិក្សាថ្មី២០១៦-២០១៧។

បើតាមពិតទឹកលុយចំនួន៥០០រៀល មើលទៅមានចំនួនតិចតួចមែន តែបើគេបូកចំនួនសិស្សដែលទៅរៀន រាប់រយនាក់នោះគឺមានយ៉ាងច្រើន និងម្យ៉ាងទៀតនេះ ការយកលុយនេះ ក៏មែនជាគោលការណ៍របស់រដ្ឋនោះទេ ពីព្រោះកូនប្រជាពលរដ្ឋទៅរៀន នៅសាលារដ្ឋមិនមែនសាលាឯកជននោះឡើយ។

យ៉ាងណាក៏ដោយ លោកគ្រូនាយសាលាបឋមសិក្សាមួយនេះ បានឆ្លើយ និងធ្វើការបកស្រាយថា បើសិនជាលោក រកឃើញថាមានគ្រូណាម្នាក់នៅតែបន្តយកលុយពីកូនសិស្សនោះ លោកនឹងហៅមកធ្វើការអប់រំណែនាំ ពីព្រោះដាច់ខាតមិនត្រូវយកលុយពីកូនសិស្សនោះទេ។

ប្រជាពលរដ្ឋម្នាក់រស់នៅតាមមូលដ្ឋានក្នុងសង្កាត់កាកាប បានឲ្យដឹងថា តាមពិតចំនួនលុយ៥០០រៀលមិនវាមិនច្រើននោះទេ ប៉ុន្តែសម្រាប់លោកដែលមានជីវភាពក្រក្រីនោះ គឺត្រូវចំណាយ​ច្រើន ហើយពេលខ្លះឲ្យលុយចំនួន១០០០រៀល​ទៅសាលាទុកគ្រាន់ហូបអី តែពេលទៅដល់សាលាស្រាប់តែត្រូវបន្ទប់ថ្នាក់យកអស់៥០០រៀលបាត់ហើយ ដោយចាត់ឲ្យប្រធានថ្នាក់​ជាអ្នកដើររៃអង្គាស។

សិស្សានុសិស្សបានឱ្យដឹងថា ពួកគេត្រូវបង់៥០០រៀលក្នុងមួយនាក់ ចាប់ពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី៦ ដោយឡែកចាប់ពីថ្នាក់អនុវិទ្យាល័យ​ពីថ្នាក់ទី៧​ដល់ថ្នាក់ទី៩​ត្រូវបង់៥០០រៀលក្នុងមួយម៉ោង និងម៉ោងរៀនគួរត្រូវបង់ផ្សេង។

សម្រាប់លោក សាន គឹមលាង នាយកសាលាបឋមសិក្សា ហ៊ុន សែន ពោធិ៍ចិនតុង បានប្រាប់ថា ជាគោលការណ៍គឺមិនតម្រូវឲ្យគ្រូយកលុយពីកូនសិស្សនោះទេ ហើយបញ្ហានេះលោកតែងតែធ្វើការផ្សព្វផ្សាយជាញឹកញាប់។ លោកថា បើសិនមានករណីនេះកើតឡើងមែនលោកនឹងហៅគ្រូទាំងនោះ មកធ្វើការអប់រំណែនាំបន្តទៀត៕