(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ ដោយមានការចូលរួមពីសិស្សានុសិស្ស កម្រិតមធ្យមសិក្សា និងលោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលាសរុបជាង១០០០នាក់។

 លោក ណាល់ វិចិត្រ បានលើកឡើងអំពីម្ហូបអាហារ ដែលមានសុវត្ថិភាព គុណភាព និងអនាម័យ។ លោកបានបញ្ជាក់ថា «ពាក់ព័ន្ធទៅនឹងម្ហូបអាហារ ដែលមានគ្រោះថ្នាក់ ដោយរូបបវ័ន្ត គឺគ្រោះថ្នាក់ដែលយើងមើលឃើញនឹងភ្នែក ដែលបញ្ហាកើតឡើងដោយឆ្អឹង ដោយសសៃសក់ និងបញ្ហាផ្សេងៗ ជាច្រើនទៀតដែលយើងឃើញដោយរូបភាព។ បញ្ហាម្ហូបអាហារដោយប្រើគីមី ដែលហាមឃាត់មិនឲ្យប្រើក្នុងម្ហូបអាហារនេះ ក៏ជាការគ្រោះថ្នាក់មួយដែរ»

លោកក៏បានបង្ហាញអំពីរបៀបការជ្រើសរើសម្ហូបអាហារ ដែលដាក់លក់លើទីផ្សារ ចំពោះម្ហូបអាហារណាដែលយើងចាត់ទុកថា ជាម្ហូបអាហារមានសុវត្ថិភាព និងម្ហូបអាហារណាដែលគ្មានសុវត្ថិភាព។ ចុងបញ្ចប់នៃកម្មវិធីក៏មានការសាសួរ និងឆ្លើយនូវសំណួរពាក់ព័ន្ធទៅនឹង ម្ហូបអាហារជាច្រើនផងដែរ៕