(ភ្នំពេញ)៖ តារាចម្រៀង​ដ៏ល្បី​ប្រចាំប្រទេស​កម្ពុជា អ្នកនាង មាស សុខសោភា បានប៉ះ​ជាមួយតារាចម្រៀង និងសម្ដែងដ៏ល្បី​មកពី​ប្រទេសថៃ គឺកញ្ញា ផេន ខេក ដែលមហាជន​ក្នុងប្រទេសកម្ពុជា ស្គាល់នាងតាមរយៈ​ការសម្ដែង​ ក្នុងរឿង «ហង្សបាក់ស្លាប» នៅលើឆាកតន្រ្តី​ប៉ុស្ដិ៍លេខ៥ នាយប់​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងព្រឹត្តិការណ៍តន្រ្តី​ប្រចាំខែ មានឈ្មោះថា «ខ្មែរញញឹម»។

ក្រៅពីតារាចម្រៀង មាស សុខសោភា ដែលបានបង្កបរិយាកាស​សប្បាយរីករាយ ធ្វើឲ្យអ្នកទស្សនាហ៊ោរកញ្ជ្រៀវ ជាមួយនឹងចង្វាក់​​រាំដ៏រស់រវើក​ហើយនោះ សម្រាប់តារាចម្រៀង​កម្ពុជា ក៏មានអ្នកនាង សុខ ស្រីនាង ម្នាក់ទៀត ដែលជាតារាចម្រៀង មកពីផលិតកម្ម​សាន់ដេ បានបង្កឲ្យឆាកតន្រ្តី​សប្បាយ​ ផងដែរ។

អ្នករៀបចំកម្មវិធីប្រគំតន្រ្តី ប្រចាំស្ថានីយទូរទស្សន៍​ កងយោធពល​ខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា ជារៀងរាល់ខែ​ប៉ុស្ដិ៍លេខ៥ តែងតែរៀបចំកម្មវិធី​ប្រគំតន្រ្តី មានឈ្មោះថា «ខ្មែរញញឹម» ដោយកម្មវិធីនេះ បានអញ្ជើញតារាចម្រៀង តារាសម្ដែងមានឈ្មោះ​ល្បីមកពីប្រទេសថៃ និងតារាចម្រៀង ក្នុងប្រទេសកម្ពុជា មកសម្ដែងរួមគ្នា ដើម្បីឲ្យព្រឹត្តិការណ៍​នេះ កាន់តែអស្ចារ្យ សប្បាយរីករាយ​ទ្វេដង និងធ្វើឲ្យអ្នកគាំទ្រ ប្លែកអារម្មណ៍ពីមួយខែ​ទៅមួយខែ។

ជាស្ដែងនៅក្នុងខែនេះ កម្មវិធី បានធ្វើការអញ្ជើញតារាសម្ដែង និងចម្រៀងដ៏ល្បីទាំង​​​នៅ​ក្នុងប្រទេសថៃ គឺកញ្ញា ផេន ខេក ដែលបងប្អូន​នៅទីនេះ ក៏បាន​ស្គាល់​នាង តាមរយៈការសម្ដែង​ ក្នុងរឿង​ភាគជាច្រើន ឲ្យមកសម្ដែងនៅលើឆាកតែមួយ ជាមួយនឹងតារាល្បី​របស់កម្ពុជា គឺអ្នកនាង មាស សុខសោភា មកពីផលិតកម្ម ថោន និង អ្នកនាង សុខ ស្រីនាង មកពីផ​លិតកម្ម សាន់​ដេ ក្នុងន័យញ៉ាំងឲ្យកម្មវិធី កាន់តែកក្រើកឡើង បន្ថែមទៀត។

ដោយឡែកតារាសម្ដែង និងចម្រៀង កញ្ញា ផេន ខេក បានថ្លែងជាភាសាអង់គ្លេស ប្រាប់ដល់បណ្ដាអ្នកសារព័ត៌​មាន​ក​ម្ពុជាថា នាងពិតជាសប្បាយរីក​រាយ​ណាស់ ដែលបានមកសម្ដែង​នៅ​ក្នុង​ប្រទេសកម្ពុជា។ ជាការពិតនាងបានមក​ប្រទេសកម្ពុជា ជាច្រើនដងមកហើយ ប៉ុន្តែសន្ទុះនៃអ្នកគាំទ្រ នៅតែមានខ្លាំង​ក្លា​​ដដែល ឃើញថា បងប្អូន​នៅទីនេះ នៅតែរួសរាយរាក់ទាក់​ចំពោះនាង នៅតែស្រឡាញ់រាប់អាន​​នាងដដែល ហើយអាចមានច្រើន​ជាង​មុន​ ទៀតផង។

កញ្ញា ផេន ខេក បន្ថែមទៀតថា នាងពិតជានឹករឭកដល់បងប្អូន អ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា ខណៈដែលនាងមកកម្ពុជាម្ដងៗ ឃើញថាអ្នកគាំទ្រ នៅតែចូលចិត្តនាង និងតាមមកមើលការសម្ដែង របស់នាងគ្រប់ពេល។ នាងក៏សូមថ្លែងអំណរគុណ ដល់ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍លេខ៥ របស់កម្ពុជា ដែលបានបង្កើតកម្មវិធីនេះឡើង ហើយបានផ្ដល់ឱកាស អញ្ជើញនាង​ឲ្យមកសម្ដែង ជួបជាមួយអ្នកគាំទ្រនៅថ្ងៃនេះ៕