(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌមានជ័យ រួមមានកម្លាំងនគរបាលមូលដ្ឋាន អាវុធហត្ថ ដែលដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ លោកអធិការង ហួរ ម៉េងវ៉ា លោក ម៉េង វិមានតារា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងជល់មាន់២កន្លែង ​នៅក្រោយរោងចក្រSL ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ។

លោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង សេង ហៀង កម្លាំងជំនាញឃាត់ខ្លួនបានមនុស្ស៥នាក់ មាន់ជល់៥ក្បាល និងម៉ូតូ៥គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀត។

លោកអភិបាលរង បន្ថែមថា ក្រោយឃាត់ខ្លួនក្រុមជនលេងល្បែងទាំងនោះ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសួរនាំនៅ ប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ។

ជាមួយគ្នានោះ លោក ឌី រ័ត្នខេមរុន បញ្ជាក់ថា តទៅនេះលោក នឹងដឹកនាំកម្លាំងជំនាញទាំងអស់ បើកប្រតិបតិ្តការបង្ក្រាបល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋាន ឲ្យដូចភ្លៀងរលឹម ដោយមិនឲ្យកើតមានទៀតឡើយ៕