(ភ្នំពេញ)៖ ដូចអ្វីដែលបានប្រកាសក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលមានលោក សេង ឈួន អនុរដ្ឋ លេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាននោះ ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ បានឆ្មក់ចុះធ្វើសកម្មភាពយ៉ាងសកម្មនៅតាមដងវិថីនានា ដើម្បីស្ទាក់ចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស។

ក្នុងរយៈពេលជិតមួយខែនេះ ពោលចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានរថយន្តតទ្រុង ៥១គ្រឿងហើយត្រូវបានចាប់កាត់ទ្រុង ខណៈរថយន្តតទ្រុងជាច្រើនគ្រឿងទៀតត្រូវបានម្ចាស់ភ្ញាក់រលឹកយកទៅកាត់ទ្រុងដោយខ្លួនឯង។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ពេលកំពុងចុះប្រតិបត្តិការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនៅលើផ្លូវលេខ៧៣ ពីខេត្តត្បូង ឃ្មុំឆ្ពោះទៅកាន់ខេត្តក្រចេះ នាថ្ងៃព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ឯក រដ្ឋ សមាជិកក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានឲ្យដឹងថា រថយន្ត ដែលតទ្រុងខុសបច្ចេកទេសមានប្រវែងវែងបំផុត ២,៧ម៉ែត្រ និងមានកម្ពស់ក្នុងចន្លោះពី៣តឹក រហូតដល់ទៅ ៧តឹក។

លោក ឯក រដ្ឋ បានឲ្យដឹងថា នៅមានរថយន្តជាច្រើន មិនទាន់ត្រូវបានម្ចាស់ភ្ញាក់រលឹកយកទៅកាត់ទ្រុងចេញ ហើយក៏ត្រូវបានក្រុមការ ងារស្ទាក់ចាប់ និងកាត់ទ្រុងនៅតាមដងផ្លូវ និងបានផាកពិន័យអន្តរកាលទៅតាមច្បាប់កំណត់។ បើតាមការកត់សម្គាល់របស់លោក ឯក រដ្ឋ ក៏មានម្ចាស់រថយន្តជាច្រើន បានយករថយន្តទៅកាត់ទ្រុង ដែលតខុសលក្ខណៈបច្ចេកទេសផងដែរ ព្រោះម្ចាស់យានយន្តទាំងនោះខ្លាចខ្មាសគេពេលត្រូវក្រុមការងារចាប់កាត់ និងថតផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន។

លោក ឯក រដ្ឋ បានបង្ហាញសុទិដ្ឋិនិយមផងដែរ ចំពោះប្រតិបត្តិការទប់ស្កាត់ការដឹកលើសទម្ងន់ និងការកាត់ទ្រុងតខុសបច្ចេកទេសនេះ ព្រោះមានប្រជាពលរដ្ឋ ជាម្ចាស់យានយន្តជាច្រើនបានចូលរួមសហការ និងមិនមានផ្ទុះបាតុភាពតវ៉ាណាមួយនាំឲ្យប៉ះពាល់ដល់ប្រតិបត្តិ ការនោះឡើយ។ លោក ឯក រដ្ឋ បានចាត់ទុកប្រតិបត្តិការនេះថា ជាជោគជ័យមួយរបស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ហើយលោករំពឹងថា ប្រជាពលរដ្ឋ ដែលមានរថយន្តកែច្នៃតទ្រុងខុសលក្ខណៈបច្ចេកទេសនឹងភ្ញាក់រលឹកយករថយន្តទៅកាត់ទ្រុងចេញ។

រឿងរថយន្តតទ្រុងដឹកលើសទម្ងន់គឺជាចំណោទបញ្ហាដែលធ្វើឲ្យខូច និងបំផ្លាញផ្លូវនៅកម្ពុជា។ បញ្ហានេះ បានកើតមានជាយូរឆ្នាំមកហើយ តែវិធានការហាក់មិនមានប្រសិទ្ធភាពនោះឡើយ។

ដើម្បីគេចផុតពីពាក្យនិន្ទារិះគន់របស់ប្រជាពលរដ្ឋថា មន្រ្តីខ្វះសមត្ថកិច្ចក្នុងការបង្រ្កាបនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះ ក៏បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដើម្បីចាត់វិធានការទៅលើរថយន្តកែច្នៃទាំងនេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានប្រកាសដាក់ចេញវិធានការក្តៅលើរថយន្តតទ្រុងខុសបច្ចេកទេស ដោយមិនមានការលើកលែង ឬ រាថយនោះឡើយ។ ជាពិសេសវិធានការចំពោះរថយន្តតទ្រុងនេះ ក៏នឹងបញ្ចប់នូវវប្បធម៌អន្តរាគមន៍ផងដែរ ពោលវិធានការលើរថយន្តតទ្រុង នឹងអនុវត្តន៍ដោយស្មើភាព គ្មានការអនុគ្រោះចំពោះអ្នកមានឥទ្ធិពល ឬ មានអំណាចនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវភ្ជាប់ពីខេត្តរតនគិរី ទៅកាន់ខេត្តមណ្ឌលគិរី ក៏បានអំពាវនាវឲ្យក្រុមអ្នកតទ្រុងខុសលក្ខណៈបច្ចេកទេសនេះ នាំគ្នាកាត់ទ្រុងចេញផងដែរ ដើម្បីចូលរួមបញ្ឈប់ការដឹកលើសទម្ងន់ និងថែរក្សាផ្លូវនៅកម្ពុជាឲ្យជាប់បានយូរ។

លោក ឯក រដ្ឋ បានគូសបញ្ជាក់ថា ប្រតិបត្តិការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ នឹងធ្វើរហូតមិនមានការដកថយនោះឡើយ ហើយប្រតិបត្តិការនេះ ធ្វើឡើងដោយតម្លាភាព ស្មើភាព គ្មានលំអៀងរវាងយានយន្តពលរដ្ឋធម្មតា និងអ្នកមានអំណាចនោះឡើយ។

លោក ឯក រដ្ឋ ថា ការចាប់កាត់រថយន្តតទ្រុងនេះ ចូលរួមចំណែកច្រើនក្នុងការកាត់បន្ថយយានយន្តដឹកលើសទម្ងន់នៅតាមដងវិថី។

បើតាមលោក ឯក រដ្ឋ យានយន្ត ដែលរកឃើញថា មានតទ្រុងខុសបច្ចេកទេស និងកាត់ទ្រុងចោលនោះ ភាគច្រើននៅក្នុងខេត្តក្រចេះ ត្បូងឃុំ កំពង់ចាម កំពង់ធំ រតនគិរី តាកែវ ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ និងកំពង់សោមជាដើម៕