(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក ប្រាក់ សុខុន បានធ្វើលិខិតមួយច្បាប់ទាំងភាសាខ្មែរ និងអង់គ្លេស ផ្ញើជូនលោក Zeid Ra'ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន សម្រេចលើអនាគតនៃវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។

នៅក្នុងលិខិតរបស់ក្រសួងបរទេស បានសរសេររៀបរាប់អំពី៖ អនុស្សារណៈនៃការយោគយល់គ្នាចុងក្រោយបំផុត ដែលអនុញ្ញាតឲ្យការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មានប្រិបត្តិការស្របច្បាប់នៅកម្ពុជា បានផុតសុពលភាព ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥មកម៉្លេះ និងឲ្យការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បញ្ជាក់ពីការទទួលយកអនុស្សារណៈនៃការយោគយល់គ្នាថ្មីមួយ រវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។

នៅឃ្លាបញ្ចប់នៃលិខិតរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ «បើមិនដូច្នេះទេ រាជរដ្ឋាភិបាលកម្ពុជានឹងមិនមានជម្រើសអ្វីផ្សេង ក្រៅតែពីប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួនសម្រេច លើអនាគតនៃវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា»

ខ្លឹមសារលម្អិតទាំងស្រុង សូមអានលិខិតរបស់ក្រសួងការបរទេសកម្ពុជា៖