(កណ្តាល)៖ សំណុំរឿងមនុស្សមួយក្រុម ប្រដាប់ដោយដំបង និងកាំបិតចូលទៅវាយ ហើយកាប់ប្រហារជនរងគ្រោះមួយគ្រួសារ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ព្រមទាំងខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្ទះ ស្ថិតភូមិត្រពាំងភូមិ ឃំុពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីយប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៦កន្លងទៅ នឹងត្រូវតុលាការខេត្តកណ្តាល ប្រកាសសាលក្រមនៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ។

ការប្រកាសសាលក្រមនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ជនរងគ្រោះដែលរងនូវការវាយ កាប់ប្រហារនេះ មានជំនឿយ៉ាងមុតមាំថា តុលាការនឹងផ្តល់យុត្តិធម៌ជូនពួកគាត់ ដែលមានប្តីប្រពន្ធ និងកូនតូចៗ ព្រមទាំងបងប្អូន ស្ថិតនៅក្នុងហេតុការណ៍ប្រើអំពើហិង្សាមួយនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជំនុំជម្រះរួចហើយ នឹងប្រកាសសាលក្រមនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។

លោក ហេង ស៊ាងហន ដែលជាជនរងគ្រោះ បានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា លោកមានសង្ឃឹម និងជំនឿជឿជាក់លើការវិនិច្ឆ័យ ដ៏យុត្តិធម៌របស់លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និងលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីឲ្យក្រុមគ្រួសាររបស់លោក បានទទួលយុត្តិធម៌ពិតប្រាកដ។

យ៉ាងណាក៏ដោយ លោក ហេង ស៊ាងហន សង្ឃឹមថា នឹងបានសំណងខ្លះពីការរងគ្រោះខូចខាតសម្ភារៈក្នុងផ្ទះ ក៏ដោយសារថា រឿងមួយនេះ បានធ្វើឲ្យលោក និងក្រុមគ្រួសារទាំងមូល បានខាតបង់ថវិកា ហើយខាតពេលវេលាថែមទៀតផងដែរ។

សូមរំលឹកពីសាច់រឿងបន្តិចថា នៅវេលាម៉ោង៩៖៣០នាទី យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងភូមិ-ឃុំកើតហេតុ មានជនល្មើសមួយក្រុមប្រដាប់ដោយដុំថ្ម កាំបិតចាក់កជ្រូក... ចូលទៅដេញកាប់ប្រហារជនរងគ្រោះជិត១០នាក់ មានទាំងកូនតូចផងនោះ បង្កការភ្ញាក់ផ្អើល និងតក់ស្លុកយ៉ាងខ្លាំងពីព្រោះក្រុមជនល្មើសបានចោលដុំថ្ម គប់កំាបិត បានបណ្តាលឲ្យរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដែលរហូតមកដល់ពេលនេះ មិនទាន់ជាសះស្បើយនៅឡើយផង។ ហើយសម្រាប់ស្ថានភាពនៅពេលនោះ កូនស្រីតូចរបស់ម្ចាស់ផ្ទះ បានរត់ទៅពួននៅក្រោមគ្រែ ក៏ជនល្មើសបានគប់កាំបិតចាក់កជ្រូកទៅក្រោមគ្រែ ប៉ុន្តែសំណាងមិនចំ បើចំវិញច្បាស់ជាស្លាប់ចោលឪពុកម្តាយជាក់ជាមិនខានឡើយ។

នៅពេលមានហេតុការណ៍នេះ កើតឡើងក្រុមប្រជាការពារ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍ ហើយធ្វើការឃាត់ខ្លួនជនល្មើសបាន២នាក់ នាំយកទៅប៉ុស្តិ៍នគរបាល ព្រមទាំងនាំក្រុមគ្រួសារជនរងគ្រោះទៅផងដែរ។

ក្រោយការសួរនាំរួច នគរបាលបានបញ្ជូនជនសង្ស័យទៅតុលាការ រហូតត្រូវបានតុលាការចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្ន ដាក់ពន្ធនាគារផងដែរ។

ជនរងគ្រោះរួមមានឈ្មោះ ឈន់ សុខឃីម ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ឈ្មោះ ហោ សុខថាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ឈ្មោះ សុខ ស៊ាប ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពលករនៅប្រទេសថៃ ឈ្មោះទី សុខហ៊ុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ឈ្មោះ នឹង ចាន់ថុល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ឈ្មោះ សេង ណាវីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់។

ដោយជនស្មើស០២នាក់រួមមាន ឈ្មោះប៉ុន ពិសិត្ត អាយុ២៨ឆ្នាំ និងឈ្មោះ ប៉ុន ចាន់នី អាយុ២១ឆ្នាំ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតនៅកន្លែងកើតហេតុរួមមាន កាំបិតចាក់កជ្រូក១ កាំបិតកែច្នៃ១ ចបកាប់០១ ដែកទីព១ ហើយបែកស្តុបម៉ូតូខាងធេ្វង បែកកញ្ចក់ទូ០១ បែកកញ្ចក់បង្អួច០១ ធ្លុះទ្វារដែក កាំពិតទូទឹកកក និងខូចម៉ូតូ១គ្រឿង៕