(រតនគិរី)៖ កម្លាំងសមត្ថកិច្ចចម្រុះ រដ្ឋបាលក្រុងបានលុង ដឹកនាំដោយលោក អ៊ុន សីុដេត អភិបាលរងក្រុង បានចេញប្រតិបត្តិការចាប់រថយន្ដដឹកឈើក្រញូងមួយគ្រឿង ដែលផ្ទុកឈើជាច្រើនដុំ និងឃាត់ខ្លួនជនសង្ស័យ២នាក់ នៅវេលាម៉ោង១៖៣០នាទីអាធ្រាត្រឈានចូល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចក្រុងបានលុង ប្រចាំការនៅទីតាំងខាងលើ​ បានឲ្យដឹងថា រថយន្តនេះឃាត់ត្រួតពិនិត្យនេះម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2D-9519 និងជនសង្ស័យទាំង២នាក់ ទី១៖​ឈ្មោះ នុត ឌឿន អាយុ៤២ឆ្នាំ មានទីលំនៅភូមិថាឡា ឃុំថាឡា ស្រុកថឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ​ទី២៖ឈ្មោះ សារី ជា ​អាយុ៤៥ឆ្នាំ​ មានទីលំនៅភូមិអូរឬស្សី ឃុំស្រែស្តៅ ស្រុកចិត្របូរី ខេត្តក្រចេះ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តលួចដឹកឈើក្រញ៉ូងនេះ ដឹកចេញពីទឹកដីខេត្តស្ទឹងត្រែង ហើយមន្ដ្រីជំនាញដកហូតបានឈើក្រញូងជាច្រើនដុំដាក់ ដែលបង្កប់ក្រោមសាកស៊ី រួចនាំមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងបានលុង។

លុះនៅព្រឹកថ្ងែទី២៦ ខែវិច្ឆិកានេះ វត្ថុតាង និងជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើលំផាត់​ ចាត់ការបន្តតាមនីតិវិធី​៕