(កណ្តាល)៖ លោក លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់សារជាថ្មីថា រហូតមកដល់ម៉ោងនេះ ថ្ងៃនេះ គឺគ្មានការដាក់លក់អង្គរប្លាស្ទិច នៅលើទីផ្សារ នៅទូទាំងរាជធានី-ខេត្តនៃប្រទេសកម្ពុជាឡើយ។

លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងបែបនេះ ខណៈលោក នឹងក្រុមការងារ បានចុះសួរសុខទុក្ខ និងជួបសំណេះសំណាល ជាមួយជាច្រើនរាប់រយនាក់ ស្ថិតនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ក្នុងនាមជាអនុប្រធានក្រុមការងារចុះជួយនៅស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋជាច្រើនរាប់រយនាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយកាលពីម្សិលមិញ ពីសំណាក់ព្រះសង្ឃមួយអង្គមានសង្ឃដីកាថា មានការលើកអង្គរប្លាស្ទិចនៅកម្ពុជា គ្រាន់តែជាការបំបោងព័ត៌មានតែប៉ុណ្ណោះ។

លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្ថែមថា ការបំបោងព័ត៌មាននេះ បានធ្វើឲ្យប៉ះពាល់ និងខាតបង់សេដ្ឋកិច្ចជាតិ ដែលធ្វើឲ្យការ លក់អង្គរ មានការថយចុះផងដែរ។

លោក ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បញ្ឈប់ការចែកចាយព័ត៌មានមិនពិតតទៅទៀត ដើម្បីកុំឲ្យមានការភ័ន្តច្រឡំលើករណីនេះ។

គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ មានព្រះសង្ឃ១អង្គ ព្រះនាម ភិក្ខុធម្មធរគណ ជៀង ស៊ីថុល ព្រះជន្ម៣៦វស្សា ព្រះសង្ឃ១អង្គ គង់នៅវត្តសូរិយា បង្ហោះក្នុងបណ្តាលសង្គម Facebook ដោយបានបង្ហាញការ សង្ស័យថា អង្ករ ដែលញាតិញោមយកទៅប្រគេនថា ជាអង្ករផ្លាស្ទីក ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មន្ត្រីជំនាញ និងអាជ្ញាធរខេត្តពោធិ៍សាត់។

ក្រោយធ្វើការពិនិត្យ និងពិសោធន៍រួចមកឃើញថា អង្ករនោះមិនមែនជាអង្ករក្លែងក្លាយ ឬជាអង្ករផ្លាស្ទីកនោះទេ ហើយបានព្រមាន និងធ្វើកិច្ចសន្យាបញ្ឈប់។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងវត្តសូរិយា ស្ថិតក្នុងភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕