(ភ្នំពេញ)៖ វិនិយោគិនចិនមួយក្រុមនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចូលជួបរដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដើម្បីទទួលអនុសាសន៍មួយ​ចំនួនពាក់ព័ន្ធនិងការវិ​និយោគ​នៅកម្ពុជា។

បើតាមក្រសួងពាណិជ្ជកម្មក្រុមវិនិយោគិន​ចិនមួយក្រុមនេះ បានបង្ហាញពីបំណងចង់បង្កើតរោង​​ចក្រដ៏ធំមួយនៅកម្ពុជា ដែលអាចផ្តល់​ការងារជូនកម្មករប្រមាណជា ២ពាន់នាក់។

លោក ប៉ាន សូរស័ក្តិ បានលើកបង្ហាញពីសក្តានុពល និងបញ្ហាអាទិភាពមួយចំនួន ដែលសុទ្ធសឹង​ជាអំណោយផលដ៏ល្អក្នុងការវិនិយោគនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងពិភពលោក ដែលទទួល​បានកំណើន GDP ជាមធ្យម ៧,៥% ពីឆ្នាំ២០០៥-២០១៥ ខណៈធនាគារអភិវឌ្ឍន៍អាស៊ី​បានប្រសិទ្ធនាមកម្ពុជាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី»។ ជាពិសេសការអភិវឌ្ឍថ្មីៗក៏បានប្រែក្លាយកម្ពុជាទៅជាលំដាប់​ប្រទេសចំណូល​មធ្យមខ្នាតតូច តាមចំណាត់ថ្នាក់របស់​ធនាគារពិភពលោក។

លោករដ្ឋមន្រ្តីបន្តថា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច កាលានុវត្តថ្មីៗបានបង្ហាញខ្លួន​ដល់វិនិយោគិននៅកម្ពុជា។ កម្ពុជានៅតែទទួលបាន​សម្បទានពិសេ​សពីសហគមន៍អឺរ៉ុបក្រោមកម្មវិធី «អ្វីទាំងអស់លើកលែងតែសព្វាវុធ (EBA)» ហើយជាមួយនឹងការពង្រីកប្រព័ន្ធអនុគ្រោះពន្ធគយ (GSP) របស់សហរដ្ឋអាមេរិក បានផ្ដល់ឱកាសដល់កម្ពុជាក្នុង​ការនាំយកផលិតផល​សម្រាប់ធ្វើដំណើរ ចូលទៅក្នុងទីផ្សាររបស់អាមេរិកដោយមិនមានបង់ពន្ធ។

ក្រុមវិនិយោគិនចិន ក៏បានចោទជាសំនួរមួយចំនួនផងដែរទាក់ទងឱកាសក្នុងការសាងសង់វារីអគ្គិសនីខ្នាតតូចសម្រាប់ផ្គត់ផ្គង់នៅក្នុងរោងចក្រ ដើម្បីកាត់បន្ថយការប្រើប្រាស់ភ្លើងរដ្ឋ, ការទិញដីសម្រាប់វិនិយោគ, ការវិនិយោគនៅក្នុង SEZ និង ការទាក់ទាញកម្មករ។

លោក ប៉ាន ស័រស័ក្តិ និងតំណាងរបស់ស្ថាប័នពាក់ព័ន្ធ បានបកស្រាយជូនថា ការសាងសង់វារីអគ្គិសនី​ខ្នាតតូចអាចធ្វើទៅបានប្រសិន​បើមិនប៉ះពាល់​ដល់បរិស្ថានជុំវិញ ប៉ុន្តែចំពោះការលក់​អគ្គិសនី ដែលនៅសល់ពីការប្រើក្នុងរោងចក្រ ត្រូវតែចរចារការលក់ជាមួយ អគ្គិសនីកម្ពុជា។

សម្រាប់ការទិញដី ច្បាប់របស់កម្ពុជាមានមាត្រាពិសេសមួយចំនួន ដែលអនុញ្ញាតឲ្យវិនិ​យោគិនទិញដីបាន បើសិនជាទំហំនៃការវិនិយោគស្រប​ទៅនឹងទំហំដែលបានកំណត់នៅក្នុងច្បាប់។ ទាក់ទងនឹងការសាងសង់​រោងចក្រនៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស វិនិយោគិននឹងទទួលបានការលើកទឹកចិត្តបន្ថែមដោយមិនចាំបាច់បង់ពន្ធលើតម្លៃបន្ថែម ហើយម្យ៉ាងវិញទៀតវិនិយោគិន​នឹងទទួលបានផលប្រយោជន៍​ពីហេដ្ឋារចនាសម្ព័ន្ធ​ដែលមានស្រាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ។  

ចំពោះការទាក់ទាញកម្មករ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ការសាងសង់រោងចក្រតែងតែទាក់ទាញកម្មករ ដើម្បីមកធ្វើការ ជាពិសេសកម្មករចំណាកស្រុក ដែលបានទៅធ្វើ​ការនៅប្រទេសជិតខាង ហើយមានបំណងត្រឡប់មកធ្វើការវិញ នៅក្នុងបរិស្ថានដ៏ល្អប្រសើរមួយ និងទទួលបានកម្រៃសមរម្យ៕