(បាត់ដំបង)៖ លោកនាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយ​កដ្ឋាន​អន្តោប្រវេ​សន៍ និងជាប្រធានក្រុម​ការងារប្រចាំ​ស្រុកបាណន់ បានលើកឡើងថា ការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់​ប្រជាពលរដ្ឋ និងនិស្សិត គឺជាកាតព្វកិច្ចដ៏សំខាន់របស់ថ្នាក់ដឹកនាំ ដោយមិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ណាមួយឡើយ។

ការណែនាំលើកឡើងននេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍សម្ដេចក្រឡាហោម ស ខេង ប្រចាំស្រុកបាណន់ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យបាត់ដំបង ដោយមានការចូលរួមពីរដ្ឋបាលស្រុកបាណន់ជាច្រើននាក់។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សុខ ផល ក៏បានបានណែនាំជំរុញឲ្យនិស្សិតទាំងអស់ ត្រូវខិតខំរៀនសូត្រ និងបន្តជួយការងារក្នុងសង្គមឲ្យបានច្រើនថែមទៀត ដើម្បីឱ្យមានការរីកចម្រើនតទៅមុខទៀត។

ជាមួយគ្នានោះ លោកនាយឧត្ដមសេនីយ៍ សុខ ផល ក៏បានផ្ដល់ជូនថវិកាដល់និសិត្សនៃសាកលវិទ្យាល័យបាត់ដំបងចំនួន ១២០នាក់ ក្នុងម្នាក់ៗទទួលបាន ៥០,០០០រៀល ដើម្បីយកទៅប្រើប្រាស់​ក្នុងការសិក្សា បានមួយពេលដែរ។

បន្ទាប់ពីទទួលបាននូវការណែនាំ ក្រុមនិស្សិតខាងលើ មានការសប្បាយរីករាយជាខ្លាំង ដែលទទួលបាននៅ​ការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ដែលតែងតែខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីតែសុខទុក្ខរបស់ប្រជាពលរដ្ឋ​ទាំងអស់ ពិសេសបានយកចិត្តទុកដាក់លើពួកគាត់ ដែលជាកម្លាំងកសាងជាតិដ៏ធំ និងរឹងមាំ៕