(ភ្នំពេញ)៖ សាលាភ្នំពេញ ម៉ុនតែសសូរី បានប្រារព្ធខួប៥ឆ្នាំ និងសម្ពោធបើកសាខាទី៣របស់ខ្លួនមួយទៀត ក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈគ្រប់គ្រងសាលាមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងឱកាសនោះ លោកបណ្ឌិត ហង់ ជួនណារ៉ុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែង របស់សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ ក្នុងការអប់រំបណ្តុះបណ្តាលកុមារតូច ថ្នាក់ទារកដ្ឋាន និងមត្តេយ្យសិក្សា អនុវត្តន៍តាមប្រព័ន្ធអប់រំ ប៉ុនតែសសូរី ដែលត្រូវបានទទួលស្គាល់ គុណភាពជាអន្តរជាតិ។

លោកបណ្ឌិត ក៏បានបន្ថែមថា «ខ្ញុំកោតសរសើរ ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់លំដាប់ ថ្នាក់ទាំងអស់របស់សាលាភ្នំពេញ ម៉ុនតែសសូរីអន្តរជាតិ ដែលបានចូលរួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធ យ៉ាងសកម្មក្នុងការអប់រំកុមារតូច ប្រកបដោយគុណភាពខ្ពស់ គួរជាទីមោទនៈ និងជាទីទុក្ខចិត្តសម្រាប់មាតាបិតា និងអាណាព្យាបាលសិស្សគ្រប់រូប»

សូមបញ្ជាក់ថា សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដោយក្រុមអ្នកជំនាញ ប្រព័ន្ធអប់រំជាច្រើននាក់ ដែលមានបទពិសោធន៍ និងចំណេះដឹងខាងផ្នែកប្រព័ន្ធអប់រំពិតប្រាកដ។ ព្រមទាំងមាន ៣សាខា, សាខាទី១ មានទីតាំងនៅផ្ទះលេខ១០៦ ផ្លូវ១១០ (មហាវិថីសហព័ន្ធរុស្សី) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក, សាខាទី២ ស្ថិតនៅដីឡូតលេខ៥៨៧ ផ្លូវលេខ១៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសាខាទី៣ ស្ថិតនៅដីឡូតលេខ១ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕