(កំពង់ចាម)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគម​​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ ប្រជាពលរដ្ឋ លោកគ្រូ  អ្នកគ្រូ និងសិស្សានុសិស្សជិត២ពាន់នាក់ ស្ថិតនៅភូមិប៉ែន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម​​ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ប្រជាពលរដ្ឋ លោកគ្រូ  អ្នកគ្រូ និងសិស្សានុសិស្ស ជិត២ពាន់នាក់ ដែលលោក ឧកញ៉ា លី ហួរ និងក្រុមការងារបានចុះចែកអំណោយ រួមមាន លោកតាជី យាយជី ចំនួន៨០នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស ៤ម៉ែត្រ ថវិកាចំនួន២ម៉ឺនរៀល និងដល់សិស្សានុសិស្ស១,៦០៤នាក់មកពីសាលាចំនួន៣ ក្នុងនោះម្នាក់ៗទទួល បានកាតាប១,សម្ភារៈសិក្សា១ឈុត និងថវិកាចំនួន៥ពាន់រៀល និងគ្រូបង្រៀនចំនួន៥៩នាក់ ក្នុងម្នាក់ៗទទួលបានថរិកា៥ម៉ឺនរៀល។

ក្រៅពីនោះ លោក ឧកញ៉ា លី ហួរ ក៏បានជូនថវិកាដល់មេឃុំទ្រាន ចំនួន៥០ម៉ឺនរៀល ជូនដល់មេភូមិតាខុង, មេភូមិត្រពាំងតាសុខ, មេភូមិប៉ែន និងមេភូមិទ្រាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល។ លោកឧកញ៉ា និងក្រុមការងារនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុ​ជា​ ក៏បានចូលរួមសម្ពោធអណ្តូងទឹក ចំនួន០៥ ​និងដែលជាអំណោយរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុ​ជាផងដែរ។

លោកឧកញ៉ា លី ហួរ ត្រូវបានគេកត់សំគាល់ឃើញថា តែងតែបានចូលរួមការងារជួយសង្គមជាច្រើន ក្នុងរួមមានការចូលរួមចែកអំណោយ និងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះជាច្រើននៅទូទាំងប្រទេស និងតាមតំបន់ដាច់ស្រយោលជាដើម៕