(ភ្នំពេញ)៖ អ្នកជំនាញការរបស់ម៉ាឡេស៊ី បានបង្ហាញការប្តេជ្ញាចិត្តថា ពួកគេនឹងជួយរៀបចំផែនការបង្ហាញផ្លូវ ដើម្បីអភិវឌ្ឍន៍លើវិស័យ អាហារហាឡាលនៅកម្ពុជា។ ការសន្យារបស់អ្នកជំនាញការរបស់ម៉ាឡេស៊ី បានធ្វើឡើងក្នុងពេលចូលជួបពិភាក្សាការរៀបចំផែនការបង្ហាញផ្លូវ សម្រាប់អភិវឌ្ឍន៍វិស័យហាឡាលនៅកម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ក្នុងកិច្ចពិភាក្សានោះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរៀបរាប់បង្ហាញនូវសមិទ្ធផលចម្បងមួយចំនួន ដែលកម្ពុជាសម្រេចបានពាក់ព័ន្ធនឹងការរៀបចំផែនការ បង្ហាញផ្លូវអភិវឌ្ឍន៍លើវិស័យហាឡាលនេះ។ បើតាមលោក ប៉ាន សូរស័ក្តិ សមិទ្ធផល ដែលសម្រេចបាននោះ មានដូចជាការអនុម័តអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា កាលពីខែកក្ក ដា ឆ្នាំ២០១៦ ដែលជាចំណុចចាប់ផ្ដើមក្នុងការសម្រេចបាននូវការអភិវឌ្ឍផលិតផល និងសេវាកម្មហាឡាល ប្រកបដោយនិរន្តរភាព។

ថ្នាក់ដឹកនាំប្រតិភូម៉ាឡេស៊ី បានអបអរសាទរ និងកោតសរសើរដល់កម្ពុជា ដែលបានខិតខំប្រឹងប្រែងផ្ដួចផ្ដើមគោលនយោបាយគ្រប់គ្រង និងអភិវឌ្ឍហាឡាល។ ចំពោះសំណើរបស់កម្ពុជា ដែលបានស្នើសុំឲ្យប្រទេសម៉ាឡេស៊ី ជួយរៀបចំផែនការបង្ហាញផ្លូវអភិវឌ្ឍ ជំនាញការម៉ាឡេស៊ី បានរៀបចំសេចក្ដីព្រាងក្របខណ្ឌ និងផែនការបង្ហាញផ្លូវ ដើម្បីជាចំណុចផ្ដើមសម្រាប់រៀបចំកិច្ចពិភាក្សាបច្ចេកទេសបន្តទៀត។

សេចក្ដីព្រាងក្របខណ្ឌ និងផែនការបង្ហាញផ្លូវនេះ ត្រូវតែមានការពិភាក្សាលំអិតបន្ថែមទៀត ជាពិសេសជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក៏ដូចជាជ្រើសរើសចំណុចអាទិភាពមួយចំនួន ដើម្បីប្រែក្លាយឯកសារព្រាងទាំងឡាយ ឲ្យទៅជាផែនការបង្ហាញផ្លូវអភិវឌ្ឍមួយពេញលេញ។ លើសពីនេះទៀត ការបង្កើតក្របខណ្ឌគ្រប់គ្រងរដ្ឋបាលក៏ជាចំណុចសំខាន់មួយដែរ សម្រាប់គ្រប់គ្រង និងបញ្ជាក់អនុលោមភាពលើផលិតផល និងសេវាកម្មហាឡាលទាំងឡាយ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរអរគុណចំពោះគណៈប្រតិភូ និងជំនាញការម៉ាឡេស៊ី ដែលបានផ្ដល់ការណែនាំល្អៗក្នុងការអភិវឌ្ឍវិស័យហាឡាល។ លោករដ្ឋមន្រ្តី ទទួលស្គាល់ថា ប្រទេសម៉ាឡេស៊ីជាប្រទេសនាំមុខគេ ដែលមានការអភិវឌ្ឍវិស័យហាឡាល គ្រប់គ្រង និងអនុលោមភាពខ្ពស់។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានអញ្ជើញគណៈប្រតិភូ និងជំនាញការចូលរួមកិច្ចប្រជុំពិភាក្សាបច្ចេកទេសបន្ថែម ជាមួយក្រុមការងារហាឡាលកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់នៅកម្ពុជា ដែលនឹងនាំមកនូវផ្លែផ្កាថ្មីៗទៀត៕