(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានសហការជាមួយក្រុមហ៊ុន GE របស់សហរដ្ឋអាមេរិក រួមគ្នាដោះស្រាយ និងបង្កើតនូវបច្ចេកវិទ្យាថ្មី ដើម្បីជួយឲ្យកម្ពុជា សម្រេចបាននូវគោលដៅថាមពលឆ្នាំ២០៣៥។

បច្ចេកវិទ្យា និងគំនិតថ្មីៗ ដើម្បីជួយឲ្យកម្ពុជា សម្រេចគោលដៅទៅអនាគត ត្រូវបានបង្ហាញនៅក្នុង សិក្ខាសាលា ស្តីពីការផ្តល់ថាមពលដល់កម្ពុជា ដែលរៀបចំឡើង ដោយក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន GE។

ស្របតាមគោលនយោបាយយុទ្ធសាស្រ្ដ និងផែនការសកម្មភាព ស្ដីពីប្រសិទ្ធភាពថាមពលថ្នាក់ជាតិ ប្រទេសកម្ពុជាមានបំណងសម្រេចវត្ថុបំណង អាទិភាពចំនួន៣ ត្រឹមឆ្នាំ២០៣៥ គឺកាត់បន្ថយតម្រូវ​ការថាមពលចំនួន២០ភាគរយ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកចំនួន៣ លានតោន និងសម្រេចឲ្យបាន អត្រាប្រើប្រាស់ អគ្គិសនី១០០ភាគរយ ទៅទូទាំងប្រទេស។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នផ្ដោតសំខាន់ទៅលើការ បន្ដការស្ដារ និងការកសាងហេដ្ឋារចនា​​សម្ព័ន្ធរូបវ័ន្ដនានា រួមមានកាអភិវឌ្ឍវិស័យអគ្គិសនី ដើម្បីឆ្លើយតបទៅនឹងតម្លៃសមរម្យ ទៅតម្រូវការអគ្គិសនី ដែលកើនឡើងពីមួយថ្ងៃទៅ​មួយថ្ងៃ។

លោករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពខ្ពស់ ទៅលើការទាក់ទាញ ឲ្យមានការចូលរួមផ្នែកឯកជន ក្នុងការផលិត និងការផ្គត់ផ្គង់អគ្គិសនីពិសេសនៅ​​តាមបណ្ដាលទីរួមខេត្ត និងទីប្រជុំជនសំខាន់ៗ និងការអភិវឌ្ឍន៍ គំរោងអគ្គិសនី ដែលប្រកបដោយគុណភាព និងតម្លៃសមរម្យ។

លោក  Wouter van wersch ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន GE ប្រចាំអាស៊ាន បានឲ្យដឹងថា GE មានការប្ដេជ្ញាចិត្តគាំទ្រ ដល់ផែនការថាមពលរបស់កម្ពុជា។

លោកថា «ក្រុមហ៊ុនGEជាក្រុមហ៊ុនដែលមានបទពិសោធន៍ ផ្នែកថាមពល២០០ឆ្នាំមកហើយ ដើម្បីរ៉ាបរង់ ហើយបរិក្ខាររបស់យើង តំណាងឲ្យស្ទើរតែមួយភាគបី នៃមូលដ្ឋានថាមពល ដែលត្រូវបានដំឡើងរបស់ពិភពលោក។ យើងមានបច្ចេកវិទ្យា បរិក្ខា និងជំនាញ ដើម្បីនាំមកនូវការផ្លាស់ប្ដូរ និងមានចំណេះដឹងស៊ីជម្រៅ ទីផ្សារ​​នានាដែលមានបញ្ហាប្រឈម ផ្នែកថាមពលស្រដៀងគ្នា នឹងបញ្ហាប្រឈមដែលប្រទេសកម្ពុជា ជួបប្រទះដែរ»