(ភ្នំពេញ)៖ លោកស្រី ប៉ានី យ៉ាថរទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា ដែលផ្សាយឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់ឡាវ នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា រួមមានការជួបពិភាក្សា ចរចាទ្វេភាគីជាមួយ សម្តេចពញាចក្រី ហេង សំរិន ប្រធារនរដ្ឋសភានៃកម្ពុជា។ ក្រោយមកចូលជួបសំដែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងបន្ទាប់មកទៀត ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រៅពីនោះ លោកស្រីក៏គ្រោងនឹងក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយក្រុមគណៈប្រតិភូ នឹងអញ្ជើញ ដាក់កម្រផ្កានៅវិមានឯករាជ្យ និងគោរពព្រះបរមរូប ព្រះបាទសម្តេចព្រះបរមរតនកោដ្ឋផងដែរ៕