(ឧត្តរមានជ័យ​)៖ លោក ​ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងលោក ​យឹម ធឹន ប្រធានក្រុមប្រឹក្សាខេត្ត ​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ​ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត-ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ មន្រ្តីរាជការ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋចំនួន ៣០០ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានកសាងផ្លូវគ្រួសក្រហមប្រវែង៤គីឡូម៉ែត្រ​ ជូនដល់​ប្រជាពលរដ្ឋរស់នៅចំណុចអូរអំបិល ស្ថិតនៅភូមិអូរតាមែង  ឃុំអន្លង់វែង ស្រុកអន្លង់វែង។

នៅក្នុងពិធីបើកការដ្ឋានកសាងនេះ លោក ហោ ជិនវីរយុទ្ធ អភិបាលស្រុកអន្លង់វែង បានរាយការណ៍​ អំពីចំនួនខ្នងផ្ទះរបស់អតិតនិវត្តន៍ជនទាំងអស់ដែលត្រូវរៀបចំជាដីឡូតិ៍​និងផ្ទះមានចំនួន១៥០ខ្នង ផ្ទះប៉ុន្តែលទ្ធផលរៀបចំជាក់ស្តែងបាន​ចំនួន២៣ខ្នងផ្ទះហើយ និងបានរៀបជាប្លង់ដេម៉ាស់រួចរាល់ជាស្ថាពរហើយ បងប្អូនក៏បានមកស្នាក់អាស្រ័យ
ជាបណ្តើរៗ ដោយមានការដាំដុះជាបន្តបន្ទាប់ ហើយពេលនេះផ្លូវប្រវែង៤គីឡូម៉ែត្រ​ បានកំពុងតែចាប់ផ្តើមឈូសឆាយនិងចាប់ផ្តើមធ្វើ។ 

​​​​​​​​ក្រៅពីនេះដែរ លោក ស ថាវី​ អភិបាលខេត្តបានបញ្ជាក់សារជាថ្មីជូនបងប្អូនប្រជាពលរដ្ឋឲ្យដឹងថា​ កុំឲមានការថ្នាំងថ្នាក់ និងការកាប់រុកទន្ទ្រានរានដីព្រៃបន្តទៀតសូមទុកចិត្តលើអាជ្ញាធរ ត្រូវផ្តល់ព័ត៍មានឲគ្នា ទៅវិញទៅមក ហើយការរស់នៅឲ្យមានការសាមគ្គីគ្នាដោយមិនគិតពីនិន្នាការនយោបាយឡើយ​ ផ្ទៃដីដែលបានចែកជូនហើយត្រូវបង្កើននូវការដាំដុះជួយថែរក្សា
ផ្លូវថ្នល់ និងអាងស្ទុកទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខនេះ។

នៅចុងបញ្ចប់នៃកម្មវិធី លោក​ស ថាវី ក្នុងនាមលោកបណ្ឌិត​នាយ​ឧត្ដមសេនីយ៍​ គន់ គីម​ ក៏បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋចំនួន៣០០នាក់ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ៕