(ភ្នំពេញ)៖ នៅម៉ោងប្រមាណជិត ៥៖០០ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ រដ្ឋសភាបានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ ក្រោមសំឡេង៦៦ លើ១០៦រូប ដែលជាសំលេងភាគច្រើនដាច់ខាត ខណៈដែលតំណាងរាស្រ្តបក្សប្រឆាំង៣៩រូប មិនបានលើកដៃគាំទ្រដល់ការអនុម័តច្បាប់នេះទេ។

កិច្ចប្រជុំសភានៅថ្ងៃអង្គារ៍នេះ, ក្រៅពីមានសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូប ក៏មានការចូលរួមផងដែរដោយតំណាងរាស្រ្តគណបក្សប្រឆាំងចំនួន៣៩រូប ក្នុងនោះមានបៀបវារៈចំនួន៣ ដែលត្រូវពិភាក្សា និងអនុម័ត រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសរបស់អង្គការសហប្រជាជាតិ, សេចក្តីព្រាងច្បាប់ទូទាត់ថវិកាឆ្នាំ២០១៥ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧។ ក្រៅពីនោះមានរបៀបវារៈតូចផ្សេងៗមួយចំនួនទៀត។

ទោះជាយ៉ាងណា បន្ទាប់ពីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសរបស់អង្គការសហប្រជាជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ រួច រដ្ឋសភាសម្រេចផ្អាកអង្គប្រជុំត្រឹមនេះតែម្តង។ ដោយបន្តពិភាក្សាលើរបៀបវារៈដទៃទៀតនៅពេលក្រោយ។

ឆ្នាំ២០១៧ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់លើគ្រប់វិស័យរបស់ប្រទេស។ ថវិកាដែលរដ្ឋាភិបាលគ្រោងនឹងចំណាយនេះ មានទឹកប្រាក់ ២០,១៨៤,៤៥៧ លានរៀល ស្មើនឹង២២.៦៧% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ដែលមានកំណើន១៥.៦% ធៀបនឹងថវិកាឆ្នាំ២០១៦។

ចំណាយថវិកាជាតិ ឆ្នាំ២០១៧ នឹងផ្តោតសំខាន់លើភាគច្រើនទៅលើ «ចំណាយលើបន្ទុកបុគ្គលិក» ដូចជាបៀវត្សរ៍ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធគ្រូបង្រៀន និង ការចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរបស់ប្រទេសជាដើម៕