(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យខេត្ត បានសហការណ៍ជាមួយកម្លាំងនគរបាលស្រុកអូរជ្រៅ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនWY ចំនួន៣៨គ្រាប់ និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនអាយ ចំនួន១កញ្ចប់តូច ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំនុចភូមិជោកជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកចាប សុផាឬទ្ធិស្នងការរងនគរបាលខេត្តបានប្រាប់ឲ្យដឹងថា ក្រោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងសម្របសម្រួលជាមួយលោកមាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាបានម្នាក់ និងដកហូតបានវត្ថុតាង។លោកបន្តថា ជនសង្ស័យឈ្មោះ មូន មាន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅមិនពិតប្រាកដ។

ក្រោយពីសមត្ថកិច្ចបានឃាត់ និងសាកសួរនាំជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពចំពោះមុខច្បាប់ថាខ្លួនពិតជាបានប្រព្រឹត្តករណីចែកចាយគ្រឿងញៀនមែន រួមទាំងវត្ថុតាងផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុង កសាងសំណុំរឿងជនសង្ស័យខាងលើនេះ និងវត្ថុតាងបញ្ជូនទៅកាន់សាលាដំបូងខេត្តនាល្ងាចថ្ងៃនេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕