(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះអនុស្សរណៈ យោគយល់គ្នា (MOU)ជាមួយនឹងសាកលវិទ្យាល័យ ASSUMPTIONមកពីប្រទេសថៃ ក្រោមអធិបតីភាពលោក លីឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោកបណ្ឌិត BANCHA SAENGHIRAN សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ASSUMPTIONនៃប្រទេសថៃ ។

លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា ប៊ែលធី ទំនាក់ទំនងអន្តរជាតិ មានបម្រើសេវាកម្មសំខាន់ៗ ចំនួន ០៥ ដូចជា៖
១.បញ្ជូន សិស្ស-និស្សិតប៊ែលធី ដែលពូកែ និងសិស្សនិទ្ទេសA ទៅសិក្សានៅក្រៅប្រទេស តាមរយៈអាហារូប ករណ៍ឧកញ៉ា លី ឆេង
២.បញ្ជូន សិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេសដែលមានបំណងទៅសិក្សានៅក្រៅប្រទេស តាម រយៈការទទួលខុសត្រួវលើកការបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗ
៣.បញ្ជូនបុគ្គលិក និងសិស្ស-និស្សិត ទៅធ្វើទស្សនកិច្ចក្រៅប្រទេស
៤.កម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ទៅក្រៅប្រទេស
៥.បញ្ជូនសិស្ស-និស្សិត ចុះកម្មសិក្សានៅក្រៅប្រទេស
លោកអគ្គនាយករង បានបន្តថា តាមរយៈ អាហារូបករណ៍ឧកញ៉ា លី ឆេង ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូនសិស្ស-និស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសរុប ចំនួន ៥៨នាក់ ក្នុងនោះ ចក្រភពអង់គ្លេស ១១នាក់,សិង្ហបុរី ៣៨នាក់, ចិន ០៦នាក់ និងថៃ ០៣នាក់ ព្រមទាំងមាននិស្សិត អាហារូប ករណ៍ឧកញ៉ា លី ឆេង ចំនួន ០៦នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ ។ បន្ថែមលើស ពីនេះទៅទៀត ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ក៏បានទទួលបម្រើសេវា សម្រាប់សិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានបំណងចងទៅសិក្សានៅក្រៅប្រទេស តាមរយៈការទទួលខុសត្រួវលើកការបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗដោយខ្លួនឯង ។
កន្លងមក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយនឹងសាកលវិទ្យាល័យល្បីៗ នៅក្រៅប្រទេស ចំនួន២៧រួចមកហើយរួមមាន៖
-ទី១៖  ប្រទេសអង់គ្លេស ចំនួន៥៖១.សាកលវិទ្យាល័យ Regent’s University London, ២.សាកល វិទ្យាល័យ York Saint John, ៣.មហាវិទ្យាល័យ Cambridge Tutors College, ៤.Springboard4Cambodia, និង ៥.មជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS ។
-ទី២ ៖  សហរដ្ឋអាមេរិក ចំនួន២ ៖ ១.មហាវិទ្យាល័យShoreline Community College, និង ២.មជ្ឈមណ្ឌល តេស្តអន្តរជាតិTOEFL ។
-ទី៣ ៖  ប្រទេសសិង្ហបូរី ចំនួន១ គឺវិទ្យាស្ថាន East Asia Institute of Management (EASB) ។
-ទី៤ ៖  ប្រទេសចិន ចំនួន៨៖ ១.សាកលវិទ្យាល័យ Youjiang Medical University, ២.សាកលវិទ្យាល័យ Guilin University of Technology, ៣.សាកលវិទ្យាល័យ Guilin Medical University,៤.សាកលវិទ្យាល័យ Guangxi University of Foreign Language, ៥.សាកលវិទ្យាល័យ Guangxi University of Nationalities, ៦.សាកលវិទ្យាល័យGuangxi Teachers Education University, ៧.សាកលវិទ្យាល័យ Guilin Tourism University, និង ៨.សាកលវិទ្យាល័យ WUHAN University។
-ទី៥ ៖  ប្រទេសកូរ៉េ ចំនួន៣៖ ១.អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF, ២.សាកលវិទ្យាល័យ Sangmyung និង៣.សាកលវិទ្យាល័យ SUNY KOREA INCHEON។
-ទី៦ ៖  ប្រទេសជប៉ុន ចំនួន២ គឺសាកលវិទ្យាល័យHOSEIនិងសាកលវិទ្យាល័យFukui។
-ទី៧ ៖  ប្រទេសម៉ាឡេស៊ីចំនួន២៖ ១.សាកលវិទ្យាល័យ Kuala Lumpur University, និង ២.សាកលវិទ្យាល័យ Taylor University។
-ទី៨ ៖  ប្រទេសថៃចំនួន៤៖ ១.សាកលវិទ្យាល័យ Bangkok, ២.University of the Thai Chamber ofCommerce, និង ៣.សាកលវិទ្យាល័យRAJAMANGALA University និងថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិបានចុះMOU ជាមួយ សាកលវិទ្យាល័យ ASSUMPTION នៃប្រទេសថៃ ។
ការចុះ MOU ​នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិ តាមរយៈការផ្លាស់ ប្តូរកម្មវិធីសិក្សា បទពិសោធន៍ពីគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរនិសិ្សត និងទស្សនកិច្ចសិក្សាផ្សេងៗ។

បន្ទាប់មក លោកបណ្ឌិតBANCHA SAENGHIRAN សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ASSUMPTION បានមានប្រសាសន៍ថា លោកមានក្តីសប្បាយរីករាយណាស់ ដែលសាកលវិទ្យាល័យASSUMPTION បានចុះ MOU ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនាពេលនេះព្រោះដោយមើលឃើញថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ដែលមានលក្ខណៈជាអន្តរជាតិ និងជាគ្រឹះស្ថានអប់រំ ឯកជនមួយ ដែលមាន កេរិ៍តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោក លីឆេង អគ្គនាយក ប៊ែលធីគ្រុបនិងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានចុះMOU បន្ថែមមួយទៀត ជាមួយនឹងសាកលវិទ្យាល័យASSUMPTIONនៃទីក្រុងបាងកក ប្រទេសថៃ៕