(ព្រះសីហនុ)៖ រោងចក្រផលិតស្បែកជើង ញូវ ស្តារ ស៊ូ ខូអិលធីឌី (New Star Shoes Co.,Ltd) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ដែលល្បីថា បានជិះជាន់កម្លាំងពលកម្មកម្មករ ជាពិសេសមិនគោរពច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា ជាច្រើនឆ្នាំមកហើយនោះ នៅពេលនេះត្រូវបានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ចេញលិខិតផាកពិន័យចំនួន៖ ១៤.២៨០.០០០រៀល បន្ទាប់ពីមន្ទីរបាន ចុះធ្វើអធិការកិច្ចជាច្រើនខែ មកហើយនោះ ។

នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានថ្លែងប្រាប់ Fresh News ថា មិនទាន់បានឃើញ តំណាងរោងចក្រ មកបង់ប្រាក់ផាកពិន័យនៅមន្ទីររបស់លោកនៅឡើយទេ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី លោកថ្លែងថា ខាងរោងចក្រនៅមានពេលរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបផុតកំណត់នៃការបង់ប្រាក់ផាកពិន័យនេះ ។

បន្ថែមពីនេះ លោកប្រធានក៏បានបញ្ជាក់ថា ការផាកពិន័យនេះមន្ទីរសម្រេចផាកពិន័យតាមច្បាប់ការងារតែ៧០%ប៉ុណ្ណោះ។ ប៉ុន្តែបើក្រុមហ៊ុនរោងចក្រនេះ នៅតែរឹងរូសមិនព្រមបង់ផាកពិន័យមុនថ្ងៃកំណត់ទេ នោះមន្ទីរនឹងបញ្ជូនសំណុំរឿងទៅ តុលាការដល់ពេលនោះ មន្ទីរនឹងដំឡើងការផាកពិន័យតាមច្បាប់ការងារ ដល់១០០% តែម្តង៕