(ភ្នំពេញ)៖ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​លើ​កម្ចី​ចំនួន៤០លាន​ដុល្លារ និង​ផ្តល់​ជំនួយ​បច្ចេកទេស ​ក្នុង​ទម្រង់​ជា​ជំនួយ ឥតសំណង​ក្នុង​ទឹកប្រាក់៦០ម៉ឺនដុល្លារ ដើម្បី​ជួយ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ ​របស់​ប្រទេស​កម្ពុជា និង​លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ សម្រាប់​ជួយប្រជាពលរដ្ឋ ​ដែល​ពុំបាន​ទទួល​សេវា​ធនាគារនៅក្នុងប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលទើបចេញផ្សាយនោះថ្ងៃទី២២ ខែវិច្ឆិកានេះ។ ​

សេចក្តីប្រកាសព័ត៌មាន ADB បានដកស្រង់សម្តីលោក Hiroyuki Aoki អ្នកឯកទេស​ជាន់ខ្ពស់​ ខាង​វិស័យ​ហិរញ្ញវត្ថុ នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់ ADB ដោយបានលើកឡើងថា «សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ​បាននឹង​កំពុង​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ ប៉ុន្តែ​ការ​សម្រេច​នូវ​កំណើន ​ប្រកប​ដោយ​បរិយាប័ន្ន គឺជា​បញ្ហាប្រឈមមួយ​ ជាពិសេស ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​ពុំ​បាន​ទទួល​សេវា​ហិរញ្ញវត្ថុ​ជា​ផ្លូវការ។ គម្រោង​នេះ ​នឹង​ជួយ​រដ្ឋាភិបាល​កម្ពុជា​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់ខ្លួន សំដៅ​កាត់បន្ថយ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ពុំបាន​ទទួល​សេវា​ហិរញ្ញវត្ថុ និង​លើក​កម្ពស់​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន»​។

លោកបន្តថា កំណើន​សេដ្ឋកិច្ច​ខ្ពស់​ របស់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ពី ៤៧.៨% ក្នុង​ឆ្នាំ២០០៧ មក​នៅ ១៣.៥% ក្នុង​ឆ្នាំ២០១៤។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ​នៅ​តែ​ងាយ​រង​ប្រឈមភាពក្រីក្រ ជាពិសេស អ្នក​ដែល​រស់នៅ​តាម​តំបន់​ជនបទ ជា​ទីដែលមាន​ប្រជាពលរដ្ឋក្រីក្រ​ ៩០% រស់នៅហើយ​មាន​ប្រជាពលរដ្ឋ ៤១% រស់នៅ​ជាមួយ​នឹង​ចំណូលក្រោម២ដុល្លារ​ ក្នុង​មួយថ្ងៃ។​ វិស័យ​ហិរញ្ញវត្ថុ​គួរមានការ​អភិវឌ្ឍ​បន្ថែមទៀត ដោយ​ហេតុថា​ មាន​ប្រជាពលរដ្ឋ​តែ ៥៩% ប៉ុណ្ណោះ ដែល​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ជា​ផ្លូវការ​ និង​មាន​ប្រជាពលរដ្ឋពេញវ័យ​ ៣០% ដែល​ត្រូវ​បាន​ផាត់ចេញ​ពី​ទម្រង់​នានា​នៃ​សេវា​ហិរញ្ញវត្ថុ។

​ADB បានឲ្យដឹងទៀតថា «កម្ចី​ និង​ជំនួយបច្ចេកទេស​ ក្នុង​ទម្រង់ជាជំនួយឥតសំណង​របស់ ADB នេះ គឺ​ផ្តល់​សម្រាប់អនុកម្មវិធី​ទីមួយ ក្នុង​ចំណោម​អនុកម្មវិធី៣ ក្រោម IFSDP (កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​បែប​បរិយាប័ន្ន)។ នៅ​ពេល​អនុវត្ត គេរំពឹងថា កម្មវិធី​នេះ​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​ អាច​ចំណេញ​បាន​រហូតដល់ ៣៩១.២ ដុល្លារ ក្នុង​មួយឆ្នាំ ឬស្មើនឹង ២.៣% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេសនេះ»