(ភ្នំពេញ)៖ ជម្លោះរ៉ាំរ៉ៃជាច្រើនខែ រវាងគ្រូសារអ្នករៀបចំកម្មវិធីសិល្បៈដ៏ល្បីលោក គួច ខេវិន និង លោកឧក​ញ៉ា ឌៀប ចេងហេង ហៅ ស៊ុយ ហេង ដែលឈានដល់ដៃតុលាការនោះ ទីបំផុតភាគីទាំងសងខាង បានព្រមព្រៀងសម្របសម្រួលគ្នា បញ្ចប់ទំនាស់នាពេលថ្មីៗនេះ ក្រោមការតាមដានពីមន្រ្ដីតុលាការ ប៉ុន្តែបែរជាចុងក្រោយ លោកឧកញ៉ា ស៊ុយ ហេង បានពន្យាពេលនៃការ សម្រុះសម្រួលគ្នា​ទៅវិញ បើទោះជាមានការឯកភាពគ្នា ដោយការផ្ដិតមេដៃ ទាំងសងខាងក្ដី។

ប្រភពព័ត៌មានបានឲ្យដឹងថា រឿងនេះពិបាកនឹងបញ្ចប់ ព្រោះតែលោកឧកញ៉ា ឌៀប ចេងហេង បានយកអ៉ីវ៉ាន់ប្រមាណខ្ទង់២ឡាន របស់លោកគួចខេវិន ទៅបាត់ ហើយយកមកសងវិញ មិនគ្រប់ចំនួនឡើយ ទើបធ្វើឲ្យរឿងនេះកាន់តែចម្រូងចម្រាស ហើយចុងក្រោយលោកឧកញ៉ានោះ បែរជាមិនព្រមគោរពតាមកិច្ចសន្យា សម្របសម្រួលគ្នាឡើយ...។

ទំានាស់តាំងពីឆ្នាំ២០១៥ រវាងលោក គួច ខេវិន ដែលជាអ្នកផលិតកម្មវិធី​ ទូរទស្សនជាន់ខ្ពស់ម្នាក់ និងលោកឧកញ៉ា ឌៀប ចេង​ហេង ហៅស៊ុយ ​ហេង ដែលមានផ្ទះស្ថិត​នៅក្រុមទី១៤​សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ​មានការឯកភាព ដោយព្រមព្រៀងសម្រុះសម្រួលគ្នា បញ្ចប់រឿងកាលពីថ្ងៃទី០៤ វិច្ឆិកា​២០១៦ ព្រមទាំងមានមន្រ្ដីតុលាការ​ជាសាក្សីទៀតផង តែចុងក្រោយនៅតែមិនអាចបញ្ចប់ដដែល ព្រោះតែលោកឧកញ៉ា ស៊ុយ ហេង មិនព្រមអនុវត្តតាមការព្រមព្រៀង ដោយមានការផ្ដិតមេដៃទាំងសងខាង រួចទៅហើយនោះទេ ហើយពន្យាពេល នៃការអនុវត្តតាមលក្ខខណ្ឌ នៃកិច្ចសន្យានោះទៅវិញ ទើបរឿងនេះកាន់តែឡើងកម្ដៅថែមទៀត។

ជុំវិញរឿងផ្អាកការអនុវត្ត​រុះរើ​ដំបូលផ្ទះ ដែលមានជម្លោះ តាមការសន្យាបញ្ចប់រឿងនោះ លោកឧកញ៉ា ឌៀប ចេង​ហេង ហៅស៊ុយ ហេ​ង ​បានប្រាប់ថា «រឿងខ្ញុំមិនឲ្យជាងផ្អាករុះរើ ដំបូលផ្ទះទៀតនោះ ព្រោះខ្ញុំចាំពិនិត្យមើលឯកសារ ផ្ដិតមេដៃទាំងសងខាង ឲ្យបានច្បាស់លាស់សិន ដោយសារតែថ្ងៃហ្នុង! មិនបានយកមកគ្រប់គ្នា។ រឿងនេះនឹងចប់ឆាប់ៗនេះ មិនយូរទេហើយក៏មិនបាច់ឡើងតុលាការដែ ព្រោះយើងមានការយោគយល់គ្នា!»

រឿងរ៉ាវ ​បណ្ដាលឲ្យក្រុមគ្រួសាទាំងសងខាង មើលមុខគ្នាមិនត្រង់បែបនេះ គឺតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកឧកញ៉ា ឌៀប ចេងហេង បានសុំគ្រួសា​លោក គួច ខេវិន ចតឡាននៅផ្លូវសារធារណៈ ដែលជាប់ជញ្ជាំងផ្ទះ និងវ៉េរ៉ង់ដាខាងក្រោមផ្ទះ១ម៉ែត្រ លើទំហំដីទទឹង៤ម៉ែត្រ និងបណ្ដោយ១៧ម៉ែត្រផ្ទះ លោក​ គួច ខេវិន ហើយគ្រួសារ លោក ខេវិន ក៏យល់ព្រម ព្រោះតែមានការរាប់អានគ្នា ជាយូមកហើយ។ ប៉ុន្តែរក្រោយមក លោក គួច ខេវិន ក៏បានជួសជុលរោងទ្វា ជាលក្ខណៈសំណង់តូច ប្រក់សង្ក័សី នៅជាប់ជញ្ជាំងវ៉េរ៉ង់ដាក្រោមផ្ទះ របស់លោក ដើម្បីការពារកុំឲ្យចោរ លួចអ៉ីវ៉ាន់ ដែលការសាងសង់នោះ មានការស្នើរសុំ និងអនុញ្ញាត្តិពីសង្កាត់ទៀតផង ស្រាប់តែលោកឧកញ៉ា ឌៀប ចេងហេង បានប្ដឹងដល់ខណ្ឌចំការមន ព្រមទាំងមានកងកំលាំង ប្រដាប់អាវុធ១០នាក់ ឲ្យមកធ្វើការផ្អាកការជួសជុស​រោងនោះហើយ ថែមទាំងយកអ៉ីវ៉ាន់ប្រហែល២ឡាន របស់លោក គួច ខេវិន ទៅបាត់ទៀត ទើបទំនាស់បានកើតឡើង ហើយលោក គួច ខេវិន បានប្ដឹងឧកញ៉ា ឌៀប ចេងហេង ទៅតុលកាតែម្ដង។

យ៉ាងណា​ក្ដី រឿងរ៉ាវនេះ បានឈានដល់ការផ្សះផ្សារគ្នា ដើម្បីបញ្ចប់ជម្លោះ ដោយមានការឯកភាពគ្នា និងផ្ដិតមេដៃទាំងសងខាងអស់រួចទៅហើយ កាលពិថ្ងៃទី០៤វិច្ឆិកា២០១៦ ដោយមានទាំងមន្ដ្រីតុលាការ ចុះមកពិនិត្យផងដែរ ហើយសម្រេចរុះរើកាត់ដំបូល​ផ្ទះចេញកន្លែង ដែលមានជម្លោះជា ការចប់រឿង។ តែនៅពេលដែលក្រុមជាង កំពុងតែធ្វើការរុះរើរនោះ លោកឧកញ៉ា ស៊ុយ ហេង ក៏បញ្ជាឲ្យក្រុមជាងផ្អាកជាបន្ទាន់ ទើបរឿងនេះកាន់តែមានកម្ដៅឡើងវិញ ហើយពិបាកនឹងឈានទៅបញ្ចប់ឆាប់ៗ ដូចការអះអាងរបស់លោកឧកញ៉ា ឌៀប ចេង​ហេង ណាស់ ព្រោះតែការមិនគោរពកិច្ចសន្យា រប​ស់លោកឧកញ៉ានោះ តែម្ដង។

លោក គួច ខេវិន បានឲ្យដឹងថា «ឧកញ៉ា ឌៀប ចេងហេង ធ្វើលែសខាំមិនព្រមព្រលែង។ តុលាការសម្រេចឲ្យ​ឧកញ៉ា ឌៀប ចេងហេងម្នាក់​នេះ រុះរើរដំបូលផ្ទះ ដែលឧកញ៉ានេះ បានសាងសង់ទ្វារបិទបង្អួចចោះជញ្ជាំង ប្រក់ដំបូលបំពានលើផ្ទះរបស់ខ្ញុំ ហើយសាងសង់ទ្វាររំលោភលើផ្លូវសារធារណៈ មិនឲ្យអ្នកជិតខាងចេញចូល​។ តែពេលមេធាវីរបស់លោកឧកញ៉ានោះ ចុះមកពិនិត្យផ្ទាល់ គឺឧកញ៉ាស៊ុយ ហេង និងក្រុមជាងរបស់ខ្លួន ហាក់ដូចជាសកម្មក្នុងការរុះរើរណាស់ តែក្រោយមេធាវីចាកចេញទៅ ឧកញ៉ា ឌៀប ចេងហេង និងក្រុមជាងរបស់ខ្លួន ធ្វើលែសរុះរើរបានបន្ដិច ក៏ឈប់រុះរើរវិញ។ មិនដឹងថា ឧកញ៉ាម្នាក់នេះ អាងអំណាចបក្យពួក ឬឋានៈអីទេ សូម្បីតែការឯកភាពគ្នា ដោយផ្ដិតមេដៃរួចហើយ មានទាំងមន្រ្ដីតុលាការដឹងឮ ក៏ឧកញ៉ានេះមិនគោរពដែរ ហើយបន្តរំលោកភបំពាន លើប្រជាពលរដ្ឋស្លូតត្រង់ មិនឈប់អស់រយៈពេលជាច្រើនខែមកហើយ !»

លោក គួច ខេវិន បានបន្តទៀតថា «ដោយមានការពឹងពាក់ពីសំណាក់លោកឧកញ៉ា ឌៀប ចេងហេង នេះ គេឃើញមានឯកឧត្តម ឧកញ៉ា ​ជំទាវ ដែលអះអាងថា ខ្លួនសុទ្ធតែមកពីសភាពាណិជ្ជកម្មកម្ពុជា ជាទីប្រឹក្សាសម្ដេចតេជោ ទូរស័ព្ទអន្ដរាគមន៍ ដើម្បីឲ្យខ្ញុំយល់ព្រម​លក់ដីជញ្ជាំងផ្ទះ ឲ្យឧកញ៉ា ឌៀប ចេងហេង ដែលជាអ្នករំលោភបំពាន​លើគ្រូសារខ្ញុំ ដើមប្បីបញ្ចប់រឿង។ កន្លងមកក៏ដូចជាបច្ចុប្បន្ន សម្ដេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែន លោកជុំរុញឲ្យពួកមន្រ្ដី ធ្វើការបម្រើ​ប្រជាជនជួយដោះស្រាយបញ្ហា ទុក្ខលំបាករបស់ប្រជាជនជាម្ចាស់ឆ្នោត មិនមែនធ្វើមន្រ្ដីស៊ីប្រាក់ខែរដ្ឋ ហើយធ្វើជាចៅហ្វាយរបស់រាស្រ្ដ នោះទេ!»

ទាក់ទងរឿងអ៉ីវ៉ាន់២​ឡាន ដែលលោកឧកញ៉ា ឌៀប ចេងហេង យកទៅបាត់នោះ កន្លងមកលោកឧកញ៉ា ​បានទទួលស្គាល់ថា លោកបានយកចេញមែន ព្រោះដើម្បីកំឲ្យទើសផ្លូវ តែអ៉ីវ៉ាន់នោះសុទ្ធតែ ជារបស់អែតចាយទេ...។

លោក គួចខេវិន បញ្ជាក់រឿងនេះ​ថា «ដោយមិនចង់មានទំនាស់ និងដោយមានការយល់អធ្យាស្រ័យ ចំពោះអ្នកជិតខាង ខ្ញុំបានបង្ខំចិត្តទទួលយកការសម្របសម្រួល តាមប្រព័ន្ធតុលាការកាលពីដើមខែ មេសា២០១៦ ដោយសុខចិត្តដកពាក្យបណ្ដឹង ព្រហ្មទណ្ឌ បើទោះជាសម្ភារៈ ដែលឧកញ៉ា ឌៀប ចេងហេង លួចយកទៅ ហើយយកមកប្រគល់ឲ្យវិញ មិនគ្រប់ចំនួនក៏ដោយ!​។ នេះជាការបញ្ជាក់ពីសមានចិត្ត យោគយល់ និងអធ្យាស្រ័យ ​មិនចង់មានជម្លោះទាស់ទែង​ជាមួយអ្នកជិតខាង បើទោះជាខ្ញុំក្រទ្រព្យក៏ដោយ។ ប៉ុន្តែរទោះជាខ្ញុំខិតខំ ធ្វើតែអំពើរល្អសន្ធឹកសន្ធាប់ យ៉ាងណាក៏ដោយ ក៏អ្នកដែលទទួលបាននូវការអធ្យាស្រ័យពីខ្ញុំ នៅតែគឃ្លើន បន្តររំលោភបំពានទាំងកំរោល មកលើរូបខ្ញុំ ដែលពុំអាចទទួលបានឡើយ!»

លោក គួច ខេវិន 

លោកឧក​ញ៉ា ឌៀប ចេងហេង ហៅ ស៊ុយ ហេង

ទីតាំងផ្ទះ មានជម្លោះ

កិច្ចព្រមព្រៀងបញ្ចប់ជម្លោះ