(ព្រះសីហនុ)៖ លោក សំហេង បុរស អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាប្រមាណជាង ៨០លានដុល្លារអាមេរិកក្នុង១ឆ្នាំ សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន និងគ្រួសារ ជាង២០ម៉ឺននាក់។ ចំនួនជាង២០ម៉ឺននាក់ ដែលបាននឹងកំពុងទទួលរបបសន្ដិសុខ សង្គមពីរដ្ឋក្នុងនោះមានចំនួនជាង ០៨ម៉ឺននាក់ (៨៦.៧១៦នាក់) និងអ្នកនៅក្នុងបន្ទុកចំនួនជាង ១៣ម៉ឺននាក់។

ការលើកឡើងបែបនេះរបស់ លោក សំហេង បុរស អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើឡើង នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងាររយៈពេល ០៩ខែ ឆ្នាំ២០១៦ នារសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារឆ្នេរជលសា ក្រុងព្រះសីហនុ។

លោក សំហេង បុរស បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្ដយុទ្ធសាស្ដ្រកែទម្រង់ហរិញ្ញវត្ថុសាធារណៈ និងដើម្បីបង្កើតកិច្ចសហប្រតិបត្ដិការ ក្នុងការផ្ដល់សេវាសាធារណៈឲ្យមានភាពប្រសើរ ប.ជ.អ បានចុះកិច្ច ព្រមព្រៀង ជាមួយធនាគារ កាណាឌីយ៉ា ក.អ ដើម្បីផ្ដល់សេវារបបសន្ដិសុខសង្គម សម្រាប់អតីតយុទ្ធជនគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ និងធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់អតីតយុទ្ធជននៅខេត្ដទាំង២៤ ។

លោកបានបញ្ជាក់បន្ថែមថា លទ្ធផលល្អនេះ គឺសុទ្ធសឹងបានមកពីការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រសួងអាណាព្យាបាលទាំង២ ដោយមានការដឹកនាំ តម្រង់ទិសពីក្រុមប្រឹក្សាភិបាលនៃប.ជ.អ ព្រមទាំង កិច្ចសហការល្អរវាងមន្ត្រីស.អ.យ និងស្ថាប័នពាក់ព័ន្ធ រួមទាំងមានការជំរុញបន្ថែមពីអគ្គនាយកដ្ឋានរតនាគារជាតិផងដែរ។

លោក សំហេង បុរសបានរំលឹកឲ្យដឹងថា ប.ជ.អ ត្រូវបានអនុវត្ដតាមប្រកាស លេខ ២៨១ ស.អ.យ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅ របស់បេឡាជាតិអតីតយុទ្ធជន។  ប.ជ.អ មាន ការិយាល័យជំនាញថ្នាក់កណ្ដាល ថ្នាក់រាជធានី ខេត្ដ និងសាខាក្រុង ស្រុក ខណ្ឌ មានបុគ្គលិកចំនួន ២៦៦នាក់ សម្រាប់អនុវត្ដរបបសន្ដិសុខសង្គមជូនអតីតយុទ្ធជនគ្របដណ្ដប់លើតាវលិក ចំនួន០៩រួមមាន៖ការចូល និវត្ដន៍ ការបាត់បង់សមត្ថភាបការងារ មាតុភាព អាពាហ៍ពិពាហ៍គ្រាដំបូង ពលី មរណៈ ពិការភាព ជំងឺ និងគ្រួសាររបស់ជនទាំងនោះ៕