(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ បានចុះជម្លៀស និងជួយសង់រោងស្នាក់នៅ ជូនប្រជាសហគមន៍វាលស្បូវភ្លាមៗ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនាំឲ្យជន់លិចផ្ទះរបស់ពួកគាត់នៅទីនោះ។

លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្រោយមានគ្រោះធម្មជាតិនេះកើតឡើងភ្លាម លោកបានដឹកនាំមន្ត្រី និងកម្លាំងប្រជាការពារចុះជម្លៀស ប្រជាសហគមន៍វាលស្បូវមកកាន់ទីទួលសុវត្ថិភាព។

លោកថា ក្រោយពីទឹកភ្លៀងបន្តធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា ពិសេសការធ្លាក់ភ្លៀងតាំងពីយប់រហូតដល់ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបណ្តាលផ្ទះរបស់បងប្អូន ប្រជាពលរដ្ឋត្រូវជន់លិច មិនអាចរស់នៅកើតទើបត្រូវជម្លៀសចេញជាបន្ទាន់។

ខណៈចុះជួយជម្លៀសប្រជាជនមកកាន់កន្លែងសុវត្ថិភាពនោះ អាជ្ញាធរខណ្ឌ ក៏បាននាំយកសម្ភារមួយចំនួន សម្រាប់ការសង់លំនៅបណ្តោះអាសន្ន របស់បងប្អូនរស់នៅក្នងសហគមន៍វាលស្បូវ ដែលជន់លិចដោយទឹកភ្លៀងនោះផងដែរ។ មិនតែប៉ុណ្ណោះ លោកអភិបាលខណ្ឌ បានចាត់ចែងបញ្ជូនគ្រូពេទ្យ ចុះពិនិត្យសុខភាព ដល់ពួកគាត់ផងដែរ ខ្លាចមានការឆ្លងជម្ងឺផ្សេងៗ៕