(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងនៅថ្ងៃទី១២ ខែវិច្ឆិកា នេះថា ថ្ងៃបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ខាងមុខនេះ ក្រសួងសុខាភិបាល នឹងដាក់ពង្រាយក្រុមគ្រូពេទ្យទាំងនៅរាជធានីភ្នំពេញ និងមកពីតាមបណ្ដាខេត្ដក្រុង ប្រមាណ១០០០នាក់ ​និងរថយន្តសង្គ្រោះជាង៧០​គ្រឿង​ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងរយៈពេល៣ថ្ងៃនេះ។

លោករដ្ឋមន្ដ្រី បានលើកឡើងបែបនេះ ខណៈដែលលោក ចុះសួរសុខទុក្ខ និងផ្ដល់សម្ភារៈមួយចំនួន ដល់គ្រូពេទ្យ ដែលមកប្រចាំការ នៅក្រសួងសុខាភិបាល ។

លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា «ដើម្បីការពារសុខសុវត្ថិភាព និងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋយើង ឲ្យបានទាន់ពេលវេលា មន្ដ្រីក្រសួងសុខាភិបាល រួមមានទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យប្រមាណ១០០០នាក់ និងរថយន្ដសង្គ្រោះជាង៧០គ្រឿងទៀត​បានត្រៀមរួចជាស្រេច ក្នុងពេលមានបញ្ហាអ្វីកើតឡើង ដោយមិនឲ្យប្រជាពលរដ្ឋយើងបារម្ដឡើយ ពិេសស សម្រាប់បងប្អូនដែលប្រណំាងទូក.ង នៅរាជធានីភ្នំពេញទាំងអស់ ក៏ដូចគ្នា ទោះបីជាពួកគាត់មាន ពេទ្យ និង រថយន្ដសង្គ្រោះបន្ទាន់ខ្លួនឯងស្រេចក៏ដោយ»

លោករដ្ឋមន្ដ្រីថ្លែងអំពាវនាវផងដែរថា «បើប្រជាពលរដ្ឋមានអាការៈមិនស្រួល សូមអញ្ជើញទៅតាមស្តង់សុខាភិបាល ដែលសម្រាប់បម្រើសេ​វាសុខាភិបាល ​ដែលមានក្រុមគ្រូពេទ្យរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋមាន​ចំនួន១២​​​​ទីតំាង គឺស្តង់របស់មន្ទីរសុខាភិបាលចំនួន៨ និងស្តង់របស់ក្រសួងសុខាភិបាលចំនួន៤ និងតាមបណ្ដាមន្ទីរពេទ្យផ្សេងៗ ដែលនឹងដាក់ពង្រាយនៅត្រើយខាងកើត នៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដែលជាតំបន់កីឡាករអុំទូក ស្នាក់នៅ ដាក់នៅក្នុងបរិវេណសាលាបឋមសិក្សា​ជ្រោយចង្វារ និងមួយទៀតដាក់នៅ អនុវិទ្យាល័យ​ជ្រោយ​ចង្វារជាដើម ដើម្បីការពារសុខភាព ប្រជាពលរដ្ឋយើង​ផងដែរ»

គួរបញ្ជាក់ថា ក្រៅពីការត្រៀមកម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋហើយនោះ ក្រុមគ្រូពេទ្យចល័តទាំងអស់ ក៏មានកម្មវិធីអប់រំផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ ជំងឺអេដស៍​ជាដើម ជូនទៅដល់ប្រជាពលរដ្ឋ ដែលចូលរួម ក្នុងឱកាសបុណ្យអុំទូក៣ថ្ងៃខាងមុខនេះផងដែរ៕