(កំពង់ស្ពឺ)៖ អាវរងារចំនួន៥៣១២អាវ ត្រូវបានចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី នៅទីបញ្ជាការយោធភូមិភាគទី៣ នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកងកម្លាំងចូលរួមសរុបជាង៦០០នាក់ មកពីគ្រប់ខេត្តទាំង០៦ ចំណុះភូមិភាគទាំងអស់។

ពិធីចែកអាវរងានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣បានលើកឡើងថា ការផ្តល់ភាពកក់ក្តៅដល់កងកម្លាំងនេះរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបង្ហាញថា ថ្នាក់ដឹកនាំពិតជាបានយកចិត្តទុកដាក់ជាខ្លាំងដល់កម្លាំង ដែលកំពុងបំរើជាតិមាតុភូមិនៃយើង។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងតែមិនភ្លេចទេនូវគុណបំណាច់ របស់យុទ្ធជន និងបងប្អូនអតីតយុទ្ធជនយើងព្រមទាំងក្រុមគ្រួសារ ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕