(ឧត្តរមានជ័យ​)៖​ លោក ​ម៉ែន​ លី​ ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​​ បានចាត់កម្លាំងជំនាញក្រុងសំរោង សហការជាមួយកម្លាំនគរបាលមូលដ្ឋាល ចុះបង្ក្រាបករណីចែកចាយ​គ្រឿងញៀនដ៏​សកម្ម ត្រង់ចំណុចក្រោមជើងភ្នំបាក់ ស្ថិតនៅភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមជាមួយថ្នាំញៀនជាច្រើនរយគ្រាប់ទៀត។​

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១១​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៦នេះ លោក ​ម៉ែន​ លី បានឲ្យដឹងថា ជនសង្ស័យ​ ទី១.ឈ្មោះ ប៉ុក សីរ៉ា អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (មុខសញ្ញសកម្ម និងមិនរាងចាល),​ ទី២​.ឈ្មោះ ចាន់ ភារម្យ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ និងទី៣.ឈ្មោះ វ៉ាន់ ខន អាយុ១៩ឆ្នាំ រស់នៅភូមិគោកអំពិល សង្កាត់កូនគ្រៀល ក្រុងសំរោង។

លោកស្នងការបានបន្តថា សមត្ថកិច្ច​ដកហូតបានវត្ថុតាងរួមមាន៖​ ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ ពណ៌ក្រហមចំនួន ១០៧​គ្រាប់, ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ ពណ៌បៃតងចំនួន​ ១​គ្រាប់,​ ថ្នាំម៉ាទឹកកកចំនួន ១៨កញ្ជប់ទៀត,​ បំពង់ជក់ថ្នាំចំនួន ៣,​ ដែកកេះ ១ដើម និងទូរស័ព្ទដៃចំនួន ៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្តនីតិវិធីតាមច្បាប់៕