(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ រួមជាមួយលោកឧកញ៉ា លឹម ហេង អនុប្រធានក្រុមការងារចុះជួយ​ខេត្តឧត្តមានជ័យ បានផ្តួចផ្តើមធ្វើអង្គកឋិនទានមួយដង្ហែទៅកាន់វត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ស្ថិតនៅក្នុងស្រុងអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីប្រមូលបច្ច័យកសាង​សមិទ្ធផលនានានៅក្នុងវត្ត​សម្រាប់ប្រជាពល រដ្ឋធ្វើបុណ្យទាន និងគោរពប្រណិបតន៍តាមគន្លងព្រះពុទ្ធសាសនា។

អង្គកឋិនទានរបស់នាយឧត្តមសេនីយ៍ គន់ គិម និងឧកញ៉ា លឹម ហេង ព្រមទាំងសប្បុរសជននានានោះ ទទួលបានបច្ច័យសរុប ៣៥លាន ៣សែន ៧ម៉ឺនរៀល។

សូមបញ្ជាក់ថា វត្តអង្លង់វែង គឺជាវត្តមួយស្ថិតនៅក្នុងស្រុកអន្លង់វែង អតីតកន្លែងសមរភូមិប្រយុទ្ធគ្នាដ៍ក្តៅមួយរវាងកម្លាំងរដ្ឋាភិបាលក្រុងភ្នំពេញ និងកម្លាំងតស៊ូរបស់កងទ័ពខ្មែរក្រហម​បណ្តាលឲ្យតំបន់នេះរងនូវការខ្ទេចខ្ទំស្ទើរគ្មានសល់នូវហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងវត្តអារាមផងដែរ។

ប៉ុន្តែក្រោយការធ្វើសមាហរណកម្មចុងក្រោយរបស់កម្លាំងខ្មែរក្រហមនាឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យតំបន់នេះបានស្គាល់សុខសន្តិភាព ហើយរាល់ហេដ្ឋារចនាសម្ព័ន្ធ​នានាត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់។ បច្ចុប្បន្នវិស័យព្រះ​ពុទ្ធសាសនា ក៏បានកសាងឡើងវិញ និងមានការរីកចម្រើនគួរឲ្យកត់សម្គាល់៕