(​ឧត្តរមានជ័យ​)៖​ បុរស២​នាក់ ជិះម៉ូតូ​មកពីមើលការប្រណាំងទូក​ ក្នុងល្បឿនលឿន​ និងខ្វះការ​ប្រុងប្រយ័ត្ន ស្រាប់តែ​ទៅបុកគោយន្តកន្ត្រៃ ពី​ក្រោយ​បណ្តាល​ឲ្យដួលបោកក្បាល​ ស្លាប់ម្នាក់​ និងរងរបួសធ្ងន់​ម្នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើងនៅយប់រំលង​អាធ្រាត្រ​ថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៦ នៅលើផ្លូវគ្រួសក្រហមក្រវ៉ាត់ក្រុង ខាងលិចស្ពានកណ្តែកប្រហែល២០០ម៉ែត្រ ក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

មន្ដ្រីនគរបាល​​ចរាចរណ៍​ បានឲ្យ​ដឹងថា​ ករណី​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ ​បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ ដែលជនរងគ្រោះ​ ទី១-អ្នកបើកម៉ូតូឈ្មោះ វ៉ាន ឆៃ​ អាយុ២៩ឆ្នាំ នៅភូមិតាវ៉ាន ឃុំតាយ៉ែក ស្រុកសូនិគម (ស្លាប់)​ និងទី​២-​ឈ្មោះ ទិត្យ សំ អាយុ៣៧ឆ្នាំ នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង (របួសធ្ងន់)​ រីឯអ្នកបើកបរ​គោយន្ដ​កន្ត្រៃ​រត់គេចខ្លួនបាត់ស្រមោល​។

ក្រោយ​កើត​ហេតុ​ មន្ដ្រីនគរបាលជំនាញបានវាស់វែង​ បានសន្និដ្ឋានថា​ គោយន្តកន្ត្រៃមិនប្រកាន់ស្តាំ​ ទើបបណ្តាលមានហេតុការណ៍​អាក្រក់នេះកើតឡើង។ បច្ចុប្បន្ន​​ វត្ថុតាងទាំងអស់​ ត្រូវបានយកទៅរក្សាទុក​នៅ​អធិការក្រុង ដើម្បីដោះស្រាយតាមក្រោយ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕