(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានដឹកនាំមន្រ្តីក្រោមឱវាទ និងអភិបាលខណ្ឌទូទាំងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ចូលរួមនៅក្នុងពិធីក្រុងពាលី សុំសេចក្តីសុខ នៅក្នុងពិធីបុណ្យអុំទូកនា ថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកាខាងមុខនេះ។

ពិធីក្រុងពាលីនេះ បានរៀបចំធ្វើនៅរមណីយដ្ឋានវត្តភ្នំ ដោយមានការរៀបចំជាពិធីបុណ្យតាមប្រពៃណី ក្នុងគោលបំណងសុំសេចក្តីសុខ នៅក្នុងពិធីបុណ្យអុំទូក និងដើម្បីឲ្យកីឡាករអុំទូកដែលចូលរួមប្រកួតទាំងអស់ មានតែសុខសុវត្ថិភាព មុននឹងទំលាក់ទូកទាំង៤០ទូក របស់រាជធានីភ្នំពេញ ចូលទឹកដើម្បីអុំប្រកួតប្រជែងនៅពេលឆាប់ៗខាងមុខនេះ។

លោកប៉ា សុជាតិវង្ស បានឲ្យដឹងទៀតថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹង​មាន​មហា​ជនចូលរួមប្រមាណ២លាននាក់ ​មក​ពី​​បណ្តា​​ខេត្តចូលកម្សាន្តនៅភ្នំពេញ ដោយ​សារសេដ្ឋ​កិច្ច​របស់​ប្រជាពលរដ្ឋ​មាន​ការរីចម្រើន មធ្យោបាយធ្វើដំណើរច្រើនសំបូរបែប ប្រពន្ធ័គ​មនាគមន៏ត្រូវ​បាន​​ជួសជុល និង​ធ្វើថ្មី​បានស្អាតតភ្ជាប់ពីទីជនបទ ទៅទីប្រជុំជនក្នុងខេត្ត និងតភ្ជាប់ពីខេត្តទៅរាជធា​នីភ្នំពេញ ម្យ៉ាងទៀតដោយដារស្ថេរភាពនយោ​បាយនៅក្នុង​ប្រទេសល្អប្រសើរ​ទៀត​នោះ ធ្វើឲ្យប្រ​ជា​ពលរដ្ឋនឹងមកលេងភ្នំពេញច្រើន​។

លោក បានបញ្ជាក់ថា ដោយ​សារ​មានការសន្និដ្ឋានបែបនេះបាន​​​ធ្វើឲ្យអាជ្ញាធរគ្រប់ស្ថាប័នដែលពាក់ពន្ធ័ បានត្រៀមរៀបចំផែន​ការ​លើសពីឆ្នាំមុនៗ ជាក់ស្តែងឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកំលាំងជាង១ម៉ឺននាក់ ដើម្បី​ត្រៀមរក្សាសន្តិសុខ និងសណ្តាប់​ធ្នាប់​ជូនប្រជាពលរដ្ឋ។

ចំណែកឯផ្នែកសុខាភិបាលក៏មានការ​ត្រៀមក្រុមគ្រូពេទ្យជិត៩០០នាក់ និង​រថយន្តសង្គ្រោះ១៥​គ្រឿង​​ ត្រៀមចាំ​ជួយសង្គ្រោះ​ប្រជាពល​រដ្ឋ ​ដែល​ចូលរួម​ក្នុង​ព្រះរាជពិធីនេះផង​ដែរ។

គួរបញ្ជាក់ថា នៅក្នុងឱកាសបុណ្យអុំទូកនា ថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកាខាងមុខនេះ មានទូ​ ង​ ចូលរួមប្រណាំង​ សរុបចំនួន២៥៩ទូក(ទូកពិសេស​៧៦)​ ក្នុងនោះមាន​ ទូកអុំ​ ១៧០ទូក​ (ទូកនារី​១ទូក)​ ទូកចែវ​២៦ទូក​ (ទូកចែវនារី​២ទូក)​ និងទូកខ្នាតអន្តរជាតិ​៦៣ទូក​។​ ចំណែកកម្លាំងអុំនិងចែវ​ មានចំនួន​ ១៤​ ៦៣០នាក់​ (នារី​១៦០នាក់)​ និងកម្លាំងត្រៀម​ ៣១៦៣នាក់​ នារី​ ៤៤នាក់)​ រីឯប្រទីបមានចំនួន​១៣៕