(ភ្នំពេញ)៖ រូបថតរថយន្តភិកអាប់ចំនួន៣សន្លឹកត្រូវបាន​គេថតបង្ហោះ​ពេញហ្វេសប៊ុក។ ក្នុងនោះម្ចាស់ អាក់ខោនហ្វេសប៊ុក​ ដែលជាអ្នកបង្ហោះ​បានសរសេរមានន័យថា «កាដុមឆែប!!! ក្រសួងសាធារណការ និងដឹកជញ្ជួន ចេញស្លាកលេខថ្មី សម្រាប់សំគាល់ យានយន្ត?? ចាំរកសុំគេប្រើស្លាកលេខ "ចំការតារិន្ទ" ហើយដាក់សារ៉ែនចឹងដែរមើល វាអស់ប៉ុន្មានប្រាក់ចុះ!!!»

រឿងដែលម្ចាស់ហ្វេសប៊ុកចង់និយាយនោះគឺរថយន្តខាងលើ គេឃើញមានសរសេរអក្សរនៅជញ្ជាំងចំហៀងដាក់ថា «ប្រជាការពារសង្កាត់ប៉ោយប៉ែត» និងពាក់ស្លាកលេខទាំង​ខាងមុខនិងខាងក្រោយ​មានផ្ទៃពណ៌ខៀវខ្ចី មានសរសេរអក្សរថា «រដ្ឋបាលក្រុងប៉ោយប៉ែត សក ប៉ប៉០០.០១»

តាមពិតរថយន្តបំរើការងារអោយអង្គភាពណាមួយ គេមានសិទ្ធិសរសេរឈ្មោះអង្គភាពដើម្បីសំគាល់ហើយក៏ មានភាពងាយស្រួលអោយគេស្គាល់ និងចំណាំផងដែរ កុំថាឡើយអង្គភាពរដ្ឋ សូម្បីតែ​ក្រុមហ៊ុនឯកជន​ក៏គេមាន សិទ្ធិដូចគ្នា លើកលែងតែខ្លឹមសារណាដែលច្បាប់ហាមឃាត់។ ប៉ុន្តែចំពោះស្លាកលេខសំគាល់យានយន្តវិញ គេមិនអាចចេះតែពាក់​ឬសរសេរបិទ​ស្រេចនឹង​ចិត្តបាននោះទេ គឺទាល់តែមាន​ការទទួលស្គាល់ និងចេញដោយ អង្គភាពជំនាញគឺមន្ទីរសាធារណការ ទើបជាស្លាកលេខ​ស្របច្បាប់។ ប៉ុន្តែស្លាកលេខដែល​បំពាក់នៅលើរថយន្ត​ខាងលើនេះ មិនដឹងចេញដោយ​ស្ថាប័នណានោះទេ ទំនងសរសេរបំពាក់ខ្លួនឯង​តែម្ដងមើលទៅ។

គេថាបើជាស្លាកលេខសរសេរបិទខ្លួនឯងដោយខុសច្បាប់ដូច្នេះមែន អាជ្ញាធរ សមត្ថកិច្ចខាងលើបាននាំគ្នាធ្វើ ដើម្បីលើកទឹកចិត្តអោយប្រ​ជាពលរដ្ឋ​ចូលរួមប្រព្រឹត្តល្មើស​ច្បាប់តាមពួកខ្លួនហើយ។ មន្ត្រីៗល្មមបញ្ចប់នូវ​វប្បធម៌​អនាធិបតេយ្យហើយ កុំអោយរាស្ត្រ​យកគំរូតាមអី៕ ​