(កំពង់ធំ)៖ រថយន្តក្រុងរបស់ក្រុមហ៊ុន «សុនលី» ដឹកអ្នកដំណើរជាជនជាតិតៃវ៉ាន់ ចេញ ពីខេត្តសៀមរាប មករាជធានីភ្នំពេញ បានគេចពីម៉ូតូបើកឆ្លងកាត់ថ្នល់ បណ្តាលឲ្យក្រឡាប់ធ្លាក់ថ្នល់​ជាច្រើន​ត្រឡប់ របួសចំនួន១១នាក់ ក្នុងនោះ៤នាក់របួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវវាងក្រុងក្នុងភូមិព្រៃតាហូ សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នៅមានគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម លោក គង់ វិមាន អភិបាលរងខេត្តកំពង់ បានចុះជួយអន្តរាគមន៍ជាបន្ទាន់ ដោយហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ៥១៥ ដែលនៅជិតកន្លែងកើត​ហេតុដឹកជនរងគ្រោះ​ទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែដោយស្ថានការណ៍មានសភាព ធ្ងន់ធ្ងរ អ្នករងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ចំណែកអ្នករងរបួសស្រាល បន្តព្យាបាលនៅមន្ទីរពេទ្យ៥១៥ រង់ចាំរថយន្តរបស់ក្រុមហ៊ុនមកទទួលទៅភ្នំពេញ។

លោក គង់ វិមាន ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរដោយប្រុងប្រយ័ត្ន និងពេលបើកបរមេត្តាកុំទទួលទានគ្រឿងស្រវឹងបើ ទទួលទានគ្រឿងស្រវឹងកុំបើកបរ ព្រោះថា គ្រោះថ្នាក់របស់អ្នក គឺជាការគ្រោះថ្នាក់ដល់គ្រួសារអ្នក និងអ្នកដទៃ៕