(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅមុននេះបន្តិចបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយៈកាល នៃការឈឺចាប់កាលពី៤០ឆ្នាំមុន មកកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រូបថតប៉ុន្មានសន្លឹកនេះ បានឆ្លុះបញ្ចាំងនៅការផ្លាស់ប្តូពីរយៈកាល នៃការឈឺចាប់កាលពី៤០ឆ្នាំមុនមកកាន់ដំណាក់ថ្មីនៃការអភិវឌ្ឍ។ ៤០ឆ្នាំមុន ខ្ញុំមានអាយុ២៤ឆ្នាំ ពេលនេះ៦៤ឆ្នាំ ភរិយាខ្ញុំ២២ឆ្នាំ ពេលនេះ៦២ឆ្នាំ។ កូនខ្ញុំដែល៤០ឆ្នាំមុនមិនទាន់កើត ពេលនេះពួកគេមានប្រពន្ធ មានប្តី និងមានកូនគ្រប់ៗគ្នាហើយ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ៤០ឆ្នាំមុន ទីនេះជាគុកឥតជញ្ជាំង ដែលមនុស្សគ្រប់រូបស្លៀកពាក់ខ្មៅ តែពេលនេះកូនចៅៗរាប់ពាន់នាក់របស់សម្តេច កំពុងរៀនដោយទឹកមុខរីករាយ និងមាន សម្លៀកបំពាក់សមរម្យ។

ជាការកត់សំគាល់ មានប្រជាពលេដ្ឋភាគច្រើន បានលើកឡើងឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងតែមានការរីកចំរើនទៅមុខជាលំដាប់ ហើយប្រជាពលរដ្ឋក៏មានសេចក្តីសុខ សន្តិភាព និងមានស្ថេរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា៕