(ភ្នំពេញ)៖ កម្មវិធីប្រកួតបវរកញ្ញាឯកទេសចរណ៍អន្តរជាតិ ត្រូវបានធ្វើឡើង នៅរាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមប្រារព្ធផ្លូវការ ជាលើកទី១ ពុំធ្លាប់មាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីបវរកញ្ញា តំណាងឲ្យប្រទេសចំនួន៤១ មកពីជុំវិញពិភពលោក ដោយពួកគេបានធ្វើដំណើរ​មកកាន់ កម្ពុជា និងស្នាក់ នៅទីនេះ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា ក្រោមប្រធានបទ «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ»។

សណ្ឋាគារណាហ្គាវើល នឹងក្លាយជាកន្លែងប្រកួតប្រជែង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយក៏ជាសណ្ឋាគារផ្លូវការ ដែលបានផ្តល់កន្លែងស្នាក់នៅ ដល់បវរកញ្ញាទាំង៤១រូប ក្នុងអំឡុងប្រកួតនៅប្រទេសកម្ពុជា។ ការប្រកាសឲ្យដឹងនេះ បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ការប្រកួតបវរកញ្ញាឯកទេសចរណ៍អន្តរជាតិ ផ្តាច់ព្រ័ត្រប្រចាំឆ្នាំ២០១៦» ដែលរៀបចំធ្វើ នៅ​រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោក Tan Dri Datuk Danny Oci អ្នកគ្រប់គ្រងកម្មវិធីប្រកួត បានបញ្ជាក់ឲ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាឯកទេសចរណ៍ អន្តរជាតិនេះ បានផ្តល់ឱកាសឲ្យបវរកញ្ញាឯក មកពីបណ្តាប្រទេស ផ្សេងៗគ្នា បានចែករំលែក រៀនសូត្រ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ ទៅវិញទៅមក។ កម្មវិធីនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍ វប្បធម៌ អំពើល្អ មិត្តភាព រវាងបវរកញ្ញា ដែលតំណាងឲ្យប្រទេសនីមួយៗ ស្របពេលដែលព្រឹត្តិការណ៍នេះ ក៏បានផ្តល់ឱកាសឲ្យ​ដៃគូសហការ ក៏ដូចជាអ្នកឧបត្ថម្ភកម្ម វិធីអាចផ្សព្វផ្សាយ​ពីផលិតផល របស់ខ្លួនបានកាន់តែទូលំទូលាយ ថែមទៀត។

កម្មវិធីប្រកួតបវរកញ្ញាឯក​ទេសចរណ៍ អន្តរជាតិឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្រ នឹងប្រើប្រាស់ឱកាសនេះ ដើម្បីចូករួមចំណែក ជាមួយក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងវប្បធម៌ ដើម្បីផ្សព្វផ្សាយ​អំពីវិស័យ ទេសចរណ៍ទាំងធម្មជាតិ និងទាំងបេតិកភណ្ឌនានា ក្រោមប្រធានបទ «កម្ពុជាព្រះរាជាណាចក្រ​អច្ឆរិយៈ» តាមរយៈការចូលរួមពី បវរកញ្ញាឯកទេសចរណ៍ អន្តរជាតិ​ទាំង៤១រូប។ មុននឹងដល់​ប្រកួត​ វគ្គផ្តាច់ព្រ័ត្រ បវរកញ្ញាឯកទេសចរណ៍ អន្តរជាតិទាំង​អស់ នឹងត្រូវបំពេញសកម្មភាព ក្នុងការផ្សព្វផ្សាយ​ក៏​ដូចជា​សកម្មភាព សប្បុរធម៌មួយចំនួន ផងដែរ។

ជាការកត់សំគាល់ នៅក្នុងបេសកកម្មផ្សព្វផ្សាយនេះ បវរកញ្ញាឯកទេសចរណ៍ អន្តរជាតិគ្រប់រូប នឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់រមណីយដ្ឋានប្រវត្ថិសាស្រ្ត សំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ រួមមាន ព្រះបរមរាជវាំង វិមានឯករាជ្យ និងសារមន្ទីរជាតិ ក្រៅពីនោះ ក៏មានដំណើរទស្សនា​ទៅប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។

គួរបញ្ជាក់ថា ការប្រកួតបវរកញ្ញាឯកទេសចរណ៍ អន្តរជាតិវគ្គផ្តាច់ព្រ័ត្រ ប្រចាំឆ្នាំ២០១៦ ​ត្រួវបានធ្វើឡើងជាលើកដំបូង កាលពីឆ្នាំ២០០៧ នៅទីក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ដោយមានការចូលរួម ពីបេក្ខនារីមកពីបណ្តា ប្រទេសចំនួន៤០ នៅជុំវិញពិភពលោក។

កាលនោះ បវរកញ្ញាឯកទេសចរណ៍អន្តរជាតិ ដែលបានឈ្នះជ័យលាភី នៃការប្រកួតគឺបានទៅលើ កញ្ញា Sorina Neacsu មកពីប្រទេសរ៉ូម៉ានី។ ឆ្នាំនេះ​ ក៏ជាឆ្នាំទី១០ហើយ នៃការប្រកួតបវរកញ្ញា ឯកទេសចរណ៍អន្តរជាតិ ដែលត្រូវបានធ្វើឡើង ក្រោមការផ្តួចផ្តើម របស់លោក Tan Dri Datuk Danny Oci ហើយបច្ចុប្បន្ននេះ លោក បានផ្តល់សិទ្ធិរៀបចំកម្មវិធីនេះ ដល់ប្រទេស ជាង៨០ជុំវិញ ពិភពលោក៕