(ភ្នំពេញ)៖ លោកគ្រូ អ្នកគ្រូជាច្រើននាក់ ដែលជាបុគ្គលិកបង្រៀនក្នុងវិទ្យាល័យ «ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ» ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលា ដោយលើកឡើងនូវការរិះគន់ចំៗ និងមិនព្រមទទួលយកនាយកសាលាថ្មី ព្រមទាំងឯកភាពគ្នាស្នើទៅលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយកវិទ្យាល័យថ្មីឡើងវិញ។

លោកនាយកវិទ្យាល័យថ្មី ដែលបុគ្គលិកបង្រៀនមិនព្រមទទួលយកនោះ មានឈ្មោះ គី លាប នៅជានាយកវិទ្យាល័យស្តីទីនៅឡើយ ចំណែកនាយកវិទ្យាមុនមានឈ្មោះ ង៉ែត សេន ដល់អាយុចូលនិវត្តន៍។

លោកគ្រូ អ្នកគ្រូដែលបង្រៀននៅក្នុងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ​ ជិត២០នាក់ តំណាងឱ្យគ្រូបង្រៀននៅវិទ្យាល័យសរុបទាំងអស់ ជាង៧០នាក់ បញ្ជាក់ថា ការដែលពួកគាត់មិនពេញចិត្ត ចំពោះលោកនាយកសាលាថ្មីនេះ ដោយសារជាយូរឆ្នាំមកនេះ លោកមិនដែលកសាងស្នាដៃអ្វី ធ្វើឱ្យសាលាមានការរីកចម្រើន បន្តិចណាឡើយ។

ពួកគាត់បានបន្តថា កាបោះឆ្នោតជ្រើសរើសនាយកសាលានោះ គឺមិនមានភាពត្រឹមត្រូវឡើយ ដោយបេក្ខភាពដែលទទួលបានសម្លេងគាំទ្រ និងមានគុណសម្បត្តិធំត្រូវគេមើលមិនឃើញ បែរជាជ្រើសរើសយកបក្សពួកនិយម ឲ្យឡើងដឹកនាំការងារទៅវិញ។

ពួកគាត់ចង់បានអ្នកដឹកនាំល្អ យល់ពីសុខទុក្ខ និងការលំបាករបស់បុគ្គលិក ហើយជាងនេះទៅទៀត ពួកគាត់ចង់ឱ្យកូនខ្មែររីកចម្រើនទៅមុខ និងអភិវឌ្ឍន៍បន្ត ដើម្បីប្រកួតប្រជែងក្នុងតំបន់អាស៊ាន ហើយចង់ឃើញពួកគេមានស្នាដៃល្អ ក្នុងសង្គមកម្ពុជា។

អ្នកគ្រូ អ៊ូ ពុធមាលី នាយករងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និងបេក្ខភាពដែលទទួលបានការគាំទ្រច្រើន បានឱ្យដឹងថា ក្នុងវិទ្យាល័យមានគ្រូបង្រៀនជិត២០០នាក់ ហើយមួយចំនួនធំ មិនទទួលយកនាយកសាលាថ្មី ឈ្មោះ គី លាប នោះឡើយ។

អ្នកគ្រូ អ៊ូ ពុធមាលី បានអះអាងថា «សាលានេះ ពីដើមឡើយជាអនុវិទ្យាល័យទេ តែក្រោយមកខ្ញុំ និងក្រុមការងារបានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីដាក់ទៅជាវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ។ ការដែលប្ដូរទៅជាវិទ្យាល័យនេះ ពួកខ្ញុំគ្មានអ្វីតបស្នងសម្តេចទាំងពីរទេ មានតែដាក់ឈ្មោះសម្ដេចតែម្តង»។

បើតាមមតិជាច្រើនរបស់លោកគ្រូ អ្នកគ្រូបង្រៀន នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ពួកគាត់មិនគាំទ្រលោកនាយកសាលាស្តីទីនោះឡើយ ដោយបាននាំគ្នាស្នើសុំទៅដល់ លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ធ្វើការសើរើ និងបោះឆ្នោតជ្រើសរើសនាយកថ្មីឡើងវិញ ហើយពួកគាត់ម្នាក់ៗសុទ្ធចង់ឲ្យ លោកស្រីនាយករង អ៊ូ ពុធមាលី តែម្នាក់ប៉ុណ្ណោះ ដោយសារអ្នកគ្រូមានស្នាដៃ និងបទពិសោធន៍បង្រៀន ហើយដឹកនាំការងារបានយ៉ាងល្អ ក្នុងពេលជាច្រើនឆ្នាំកន្លងមក៕