(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ម្ហូបអាហារ នៅផ្សារបឹងខ្នា និងផ្សារត្រពាំងជង ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា បន្ទាប់ពីការចុះត្រួតពិនិត្យរួចមក ជាលទ្ធផល ក្រុមការងារ បានធ្វើតេស្តបឋមលើផលិតផលម្ហូបអាហាររមួយចំនួន តែពុំមានរកឃើញសារធាតុគីមីហាមឃាត់ឡើយ។

ប៉ុន្តែក្រុមការងារបានរកឃើញ និងរឹបអូសទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទមួយចំនួនផងដែររួមមាន៖ ទឹកក្រូចចំនួន២៩០ដប ទឹកដោះគោកូនក្មេងចំនួន៦០ប្រអប់ ដំណាប់អំពិលចំនួន២១កញ្ចប់ និងមីកញ្ចប់ចំនួន១៣៥កញ្ចប់។

សម្រាប់ទំនិញទាំងអស់ខាងលើ បានយកមករក្សាទុក នៅសាខាកាំកុងត្រូលខេត្ត ដើម្បីកម្ទេចចោលតាមនីតិវិធីច្បាប់។

នៅក្នុងឱកាសនោះ ក្រុមការងារ ក៏បានចែកផ្ទាំងរូបភាពអប់រំ ស្តីពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ ដើម្បីឲ្យយល់ដឹងកាន់តែខ្លាំងចំពោះសុវត្ថិភាពចំណីអាហារដែលដាក់លក់ នៅតាមទីសាធារណៈ និងតាមផ្សារ៕