(ភ្នំពេញ​)៖​ មន្ត្រី​តុលាការ​កំពូល​មួយ​រូបថ្លែង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ខាងមុខ​នេះ​ តុលាការ​កំពូល​ នឹង​បើក​សវនាការ​សំណុំ​រឿង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​៤រូប ​និង​អគ្គ​លេខាធិការ​រង ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប​ ។

សវនាការនេះ​ដឹកនាំ​ដោយ​លោក​ស្រី​ គិម​ សត្ថាវី​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ ឈួន​ ចាន់ថា​ ជា​តំណាង​មហា​អយ្យការ​ ។​ កម្មវត្ថុ​នៃ​សវនាការ​នេះ​គឺ​ បណ្តឹង​សុំ​មោឃភាព​នីតិវិធី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

​គួរ​រំលឹក​ថា​ មន្ត្រី​អាដហុក​៤រូប​និង​មន្ត្រី​គជប​ ជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ដល់​​អ្នក​នាង​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​ ដើម្បី​កុំឲ្យ​អ្នកនាង​និយាយ​ការ​ពិតប្រាប់​សមត្ថកិច្ច​​ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​  ។

ក្រុម​ជនត្រូវចោទ​ទាំង​៥នាក់​ ត្រូវ​បាន​លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ​ ​  ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។

លោក​ នី​ សុខា​  ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក​ លោក​ យី​ សុខសាន្ត​ អនុ​ប្រធាន​សមាគម​អាដហុក​ លោក​ ណៃ​ រ៉ង់ដា​ អនុ​ប្រធាន​សមាគម​អាដហុក​ និង​ លោក​ស្រី​ លឹម​ មុន្នី​ មន្ត្រី​ ជាន់​ខ្ពស់​សមាគម​អាដហុក​ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ គុជ​ គឹម​ឡុង​ ចោទ​ពី​បទ​ សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨នៃ​ក្រម​ព្រហ្មទណ្ឌ​ ។
ដោយ​ឡែក​លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​ មាត្រា​ ៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។  ជាមួយ​គ្នា​នេះ​ លោក​ សឺន​ សាលី​ ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ក៏ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ ផង​ ដែរ​ ។បទល្មើស​សូកប៉ាន់​សាក្សី​ កំណត់​ការ​ផ្តន្ទា​ទោស​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​ ។

កន្លង​មក​ តុលាការ​រក​ឃើញ​ថា​ ក្រុម​ជនត្រូវចោទ​ទាំង​៥រូប​ មាន​តម្រុយ​ពិរុទ្ធ​ភាព​ ពាក់ព័ន្ធ​ការ​លួងលោម​ ឬ​បញ្ចុះបញ្ចូល​ ដោយ​ផ្តល់​ថវិកា​ជូន​អ្នក​នាង​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​ ដើម្បី​កុំឲ្យ​និយាយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច​ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​៕