(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខ​នេះ​ ព្រមទាំងមាន​ការណែនាំ​ពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំកុងត្រូលទូទាំងប្រទេស លោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ទើបនៅព្រឹកថ្ងៃទី១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦នេះ​ ​មន្ត្រីសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការ​ជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បន្ដចុះត្រួតពិនិតទំនិញ នៅផ្សារថ្មី និង​តាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ និងនៅតាមផ្សារមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ​។

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំចុះពិនិត្យផ្ទាល់ បានឲ្យដឹងថា​ ការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ គោលបំណងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញា ដែលជនខិលខូចមួយចំនួនបានលួច បញ្ចេញទំនិញមកលក់លើទីផ្សារ ក្នុងឱកាសបុណ្យអុំទូកប្រពៃណីខ្មែរ​ ខាងមុខនេះ និងពង្រឹងការ
យល់ដឹង អំពីបញ្ហាសុវត្ថិភាព ម្ហូបអាហារ ដល់បងប្អូនអាជីវករ និងអ្នកប្រើប្រាស់។

លោកអនុប្រធានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ មន្រ្តីកាំកុងត្រូល បានធ្វើតេស្តបឋមរកសារធាតុគីមី បូរ៉ាក់ ទៅលើសរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្របហិតសាច់គោ ប្រហិតសាច់ជ្រូក លតឆា  គ្រឿងសមុទ្រដូចជា មឹកស្រស់ បង្គាស្រស់និងយកគំរូ បន្លែ ផ្លែឈើស្រស់មួយចំនួនទៀត បញ្ចូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ។

ជាមួយគ្នាដែល​ លោក​ គង់​ វុទ្ធី​ ក៏បានអំពាវនាវ ដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រល់ៗ និងក្រៀម​ មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបានច្បាស់ចាំទិញយកមកលក់បន្ត ជូនបងប្អូនប្រជាពលរដ្ឋ​ប្រើប្រាស់​ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ ដល់សុខភាពដោយសារមានជាតិគីមី នៅក្នុងទំនិញ៕