(ភ្នំពេញ)៖ មន្រ្តីមន្ទីរសុខា​ភិបាលរាជ​ធានីភ្នំ​ពេញបានប្រាប់ឲ្យដឹងថា ក្រសួងសុខាភិបាល និងអភិបាលរាជធានី​ភ្នំ​ពេញ បានសហការគ្នា ដាក់​ពង្រាយក្រុមគ្រូពេទ្យជិត៩០០នាក់ ​រថយន្តសង្គ្រោះ១៥​គ្រឿង​​ ដើម្បីត្រៀម​ជួយសង្គ្រោះប្រជា​ពល​រដ្ឋសម្រាប់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ រយៈពេល៣ថ្ងៃ ខាងមុខនេះ។

មន្រ្តីមន្ទីរសុខា​ភិបាលរាជ​ធានីភ្នំ​ពេញបានបន្ថែមឲ្យដឹងថា ស្តង់សុ​ខាភិបាល សម្រាប់បម្រើសេ​វាសុខាភិបាល ​ដែលមានក្រុមគ្រូពេទ្យរង់ចាំជួយសង្គ្រោះប្រជា​ពលរដ្ឋមាន​ចំនួន​១២​​​​ទី​តំាង គឺស្តង់របស់មន្ទីរ​សុខា​ភិ​បាល​ចំនួន៨ និងស្តង់របស់ក្រសួងសុខាភិបាលចំនួន៤។

ស្តង់​សុខ​ខាភិបាលចំនួន១៥នោះ ត្រូវបានដាក់​ពង្រាយ​នៅត្រើយ​ខាង​កើត​​៣ទីតាំង គឺនៅតំបន់​អភិវ​ឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដែលជាតំបន់កីឡាករអុំ​ទូក​ស្នាក់​នៅ ដាក់នៅក្នុងបរិវេណសាលា​បឋម​សិក្សា​​ជ្រោយចង្វារ និងមួយទៀតដាក់នៅ អនុវិទ្យាល័យ​ជ្រោយ​ចង្វារជាដើម។

ក្រៅពីការត្រៀមកម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋហើយនោះ  ក្រុមគ្រូពេទ្យចល័តទាំងអស់ ​ក៏មានកម្មវិធីអប់​រំ​ផ្សព្វ​ផ្សាយ​អនាម័យ​ចំណីអាហារ និងផ្សព្វផ្សាយទប់​ស្កាត់​ជំងឺ​អេដស៍​ជា​ដើម ជូនទៅដល់ប្រជាពលរដ្ឋ ដែលចូលរួមនៅក្នុងឱកាសបុណ្យអុំទូក៣ថ្ងៃខាងមុខនេះផងដែរ។

គួរកត់សំគាល់ថា កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយ​ត្រៀមកងកម្លាំងចំនួន១០០៣២នាក់ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាកំសាន្ដ ក្នុងពិធីបុណ្យរយៈពេលបីថ្ងៃនេះ នៅរាជធានីភ្នំពេញផងដែរ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កន្លងមកបានអះអាងថា តាមការវាយតម្លៃរបស់គណៈកម្មាធិការជំនាញ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅ​នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ នឹងមានប្រជាពលរដ្ឋចូល​រួមទស្សនា និងដើរកម្សាន្ដ ក្នុងរាជធានីភ្នំពេញ ប្រមាណជាង២លាននាក់៕