(ភ្នំពេញ)៖ វាជាការអាម៉ាស់ជាទីបំផុតរបស់ទណ្ឌិត សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន បន្ទាប់ពីបរាជ័យក្នុងការគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ដោយសង្ឃឹមថា នឹងឈ្នះឆ្នោតនោះ អីឡូវលោកស្រីគ្លីនតុន បានដាំក្បាលចុះ ហើយមនុស្សដែលលោក សម រង្ស៊ី ចោទថា ជាជនផ្តាច់ការនោះ លោកត្រាំ អីឡូវនេះ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិកហើយ។

ប្រជាជនអាមេរិក បានសម្រេចចិត្តបោះឆ្នោតគាំទ្រលោក ដូណាល់ត្រាំ ក្នុងសំឡេង២៩០ ខណៈលោកស្រី គ្លីនតុន បានទទួលត្រឹមតែ២៣២សំឡេង ដែលជាសំឡេងគាំទ្រពីអ្នកបោះឆ្នោតតំណាងរដ្ឋនានានៅអាម៉េរិក។ លទ្ធផលនេះ បង្ហាញថា ប្រជាជនអាម៉េរិក ត្រូវការលោកដូណាល់ត្រាំ ដឹកនាំជាប្រធានាធិបតីសម្រាប់អាណត្តិថ្មីបន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា ដែលផុតអាណត្តិ។

ទណ្ឌិត សម រង្ស៊ី ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍តាមរយៈសារអេឡិចត្រូនិកជាមួយកាសែតក្នុងស្រុកមួយដែលជាញឹកញាប់ សរសេរគាំទ្របក្សប្រឆាំងកាលពីដើមខែវិច្ឆិកា ដោយ លោក រង្ស៊ី បានហៅលោកត្រាំថា មិនមែនជាអ្នកប្រជាធិបតេយ្យនោះទេ និងចោទថា លោក ដូណាល់ត្រាំ គឺជាជនផ្តាច់ការ ហើយថា លោកត្រាំ និងលោក ហ៊ុន សែន មានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំង ទើបនៅផ្តុំជាមួយគ្នា...។ ប៉ុន្តែជាជំនួសនឹងពាក្យដៀលត្មេះចំពោះលោកត្រាំ បែរជាលោក សម រង្ស៊ី ខំប្រឹងលើកតម្កើងលោកស្រី គ្លីនតុន ខ្ពស់កប់ពពក និងប្រកាសគាំទ្រលោកស្រី គ្លីនតុន យ៉ាងពេញទំហឹង។ លោក សម រង្ស៊ី បានពោលសរសើរលោកស្រី គ្លីនតុន ថា មានការអប់រំខ្ពស់ នឹងថា ខុសពីលោក ត្រាំ ដែលជាមនុស្សគ្រោះថ្នាក់ខ្លាំងសម្រាប់សន្តិភាពលើពិភពលោកទៅវិញ។ មិនមែនមានតែលោក សម រង្ស៊ី ឡើយ ក្នុងនោះ ក៏មានអ្នកជំនាញការទូតជ្រុលនិយមម្នាក់ផងដែរ ឈ្មោះ អៀ សុផល ខ្មែរអាមេរិកាំង រស់នៅក្នុងទីក្រុងឡូសអែនជើឡេស ដែលប្រឆាំងដាច់ខាតជាមួយលោកត្រាំ បានចាត់ទុកការឡើងកាន់អំណាចរបស់លោក ត្រាំ ថាជាការក្រោកឡើងរបស់មនុស្សអវិជ្ជា។ លោក សុផល ដែលហាក់ដូចជាចង់បានឈ្មោះជា វីរជនបក្សប្រឆាំងមួយរូបដែរ បាននិយាយពាក្យនេះ នៅមុនពេលលោក ត្រាំ ជាប់ឆ្នោត។ អីឡូវនេះ លោក អៀ សុផល ដែលបានតាំងខ្លួនឯងជាអ្នកប្រជាធិបតេយ្យ ដូច សម រង្ស៊ី ដែរ និងបានចោទលោក ដូណាល់ត្រាំ ថាជាជនផ្តាច់ការនោះ តើលោកគួររស់នៅអាមេរិកទៀត ឬក៏ត្រូវរៀបចំស្ពាយបង្វេចរត់តាម ទណ្ឌិត សម រង្ស៊ី?

ការចោទប្រកាន់ និងការលាបពណ៌របស់ទណ្ឌិត សម រង្ស៊ី និងគូកន មកលើនាយករដ្ឋមន្រ្តី ហ៊ុន សែន និងទៅលើលោក ត្រាំ គឺត្រូវបានគេមើលឃើញថា លោក សម រង្ស៊ី ប៉ុនប៉ងខ្ចីដៃលោកស្រី គ្លីនតុន ដើម្បីព្យាបាទចំពោះការដឹកនាំរបស់នាយករដ្ឋមន្រ្តីកម្ពុជា ដែលជានិច្ចកាល លោក សម រង្ស៊ី តែងតែទុកខ្លួនគាត់ជាដៃគូប្រជែង អំណាចនាយករដ្ឋមន្ត្រី។ ត្រង់ចំណុចនេះគេមិនបានឮសោះ នូវពាក្យចេញពីមាត់របស់ទណ្ឌិត សម រង្ស៊ី អំពីកង្វល់នៃសោកនាដកម្មរបស់បណ្តាប្រទេសមួយចំនួន ដែលបាននិងកំពុងរងគ្រោះដោយសង្គ្រាមចេញមកពីបដិវត្តពណ៌ ហើយដែលគេដឹងថា ទុក្ខសោករបស់ប្រជាជននៃប្រទេសទាំងនោះ កើតមានពីព្រោះតែ មហិច្ឆតាវាតទីអំណាចរបស់អាមេរិក។

ខុសពីការយល់ឃើញទាំងងងឹតងងុលរបស់មេបក្សប្រឆាំង ដែលបញ្ចេញសារប្រឆាំងលោកត្រាំនោះ នាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ បែរជាប្រកាសជំហរយ៉ាងម៉ឹងម៉ាត់ និងបានវាយតម្លៃខ្ពស់ដោយសុទិដ្ឋិនិយមបំផុត ហើយមានជំនឿថា លោក ដូណាល់ត្រាំ នឹងឈ្នះឆ្នោត។ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «សម្រាប់ខ្ញុំ និយាយឲ្យត្រង់ ខ្ញុំចង់ឲ្យត្រាំឈ្នះខ្លាំងណាស់។ បើត្រាំឈ្នះ ពិភពលោកអាចនឹងមានការប្រែប្រួល ហើយអាចមានសភាពការណ៍ល្អផង ពីព្រោះ លោក ត្រាំ ជាអ្នករកស៊ី គឺត្រាំមិនចង់ឲ្យមានសង្គ្រាមទេ»

អីឡូវនេះ ដូចការវាយតម្លៃរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាកដមែន គឺលោក ដូណាល់ត្រាំ បានជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៤៥ របស់ប្រជាជនអាមេរិកហើយ ហើយក៏ជាសាររំលឹកថា មនុស្សដែលលោក សម រង្ស៊ី ចោទថា ជាជនផ្តាច់ការ បានក្លាយជាប្រធានាធិបតីដ៏មានឥទ្ធិពលរបស់អាមេរិក និងពិភពលោក។

លទ្ធផល នៃជ័យជំនះរបស់លោក ដូណាល់ត្រាំ ប្រៀបបាននឹងការវាយបំបាក់ឆ្អឹងខ្នងរបស់ទណ្ឌិតសម រង្ស៊ី មេបក្សប្រឆាំង និងក៏ជាការកាច់បំបាក់នូវអំនួតក្អេងក្អាង ការស្រេកឃ្លានសង្គ្រាម ក៏ដូចជាការប៉ុនប៉ងសហការគ្នា ដើម្បីគាបសង្កត់មកលើរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ បរាជ័យរបស់លោកស្រី គ្លីនតុន បានធ្វើឲ្យបក្សប្រឆាំងនៅកម្ពុជាអាចនឹងបាត់បង់ជំនួយឧបត្ថម្ភដ៏ធំ ឬប្រៀបដូច «ដាច់ដៃម្ខាង ឬកំបុតក្បាល»។ ផែនការដុតបញ្ឆេះកំហឹងជះស្រោច មកលើកម្ពុជា អាចនឹងបាត់បង់ឥទ្ធិពល។

ការឈ្នះឆ្នោតរបស់លោក ត្រាំ ភ្លាមៗ ក៏ត្រូវបានគេមើលឃើញថា គំនិតផ្សេងគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី ក៏បានផ្ទុះឡើងជាថ្មីទៀតដែរ គឺលោក កឹម សុខា ប្រកាសអបអរសាទរ នឹងជ័យជន្នះរបស់លោក ត្រាំ ខណៈដែលលោក សម រង្ស៊ី ជាប្រធានបក្សកំពុងបាក់មុខ ហើយអាចនឹងរងនូវសម្ពាធរិះគន់ ពីក្រុមអ្នកគាំទ្រ កូតាគណបក្សសិទ្ធិមនុស្សរបស់ លោក កឹម សុខា រួមទាំងខ្មែរនៅឯក្រៅប្រទេសផងដែរ។ មនុស្សមួយចំនួនអាចភ្ញាក់រលឹក ស្វាងពីសុបិន្តអាក្រក់ ដែលធ្លាប់ជឿងុបងុលតាមលោក សម រង្ស៊ី ។ អ្នកខ្លះទៀត អាចត្រូវបានគេគិតថា កំពុងពួនសម្ងំ ពីព្រោះផែនការវាយលុក ប្រកបដោយពិសពុល ក្នុងការគាបសង្កត់លើរដ្ឋាភិបាល ហ៊ុន សែន ត្រូវបរាជ័យ។ ក្នុងន័យថា បើលោកស្រី គ្លីនតុន ជាប់ឆ្នោតវិញនោះ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាបញ្ហាស្ថិរភាពនយោបាយក្នុងប្រទេសទាំងមូល នឹងត្រូវរងការវាយលុក ដោយគ្មានបង្អង់ដៃឡើយ ។

អ្នកសន្តិភាពជាច្រើនក្នុងប្រទេសកម្ពុជាយល់ថា បក្សប្រឆាំងអាចនឹងបើកយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបង្កអស្ថិរភាពសង្គម និងការផ្ចាញ់ផ្ចាល បើលោកស្រី គ្លីនតុនឈ្នះឆ្នោតមែន។

មានការជជែកគ្នាអំពី តើហេតុអ្វីបានជាពលរដ្ឋអាមេរិក សម្រេចចិត្តបោះឆ្នោតគាំទ្រលោក ត្រាំ ឲ្យធ្វើជាប្រធានាធិបតី? ចំលើយ យ៉ាងខ្លី និងសាមញ្ញបំផុតមួយរបស់ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលតាមដានស្ថានការណ៍នយោបាយអាមេរិក ឆ្លើយថា «ពលរដ្ឋវៃឆ្លាតសង្វាតយកសន្តិភាព»។ ដោយអ្នកខ្លះយល់ថា បើទោះបីជាលោក ដូណាល់ត្រាំ មានចំណុចខ្វះខាតមួយចំនួនមែន តែពលរដ្ឋអាមេរិកភាគច្រើន បានទៅបោះឆ្នោតដូរយក «សន្តិភាព» តាមរយៈលោកត្រាំ អាចដោយសារពួកគាត់ព្រួយបារម្ភថា លោកស្រី គ្លីនតុន នឹងមិនអាចបញ្ចប់សង្គ្រាមបានទេ ពីព្រោះអំពើរបស់ពួកក្រុមភេវករ មានពួក ISIS ជាដើម បាននិងកំពុងបង្កភាពវឹកវរ និងនាំឲ្យមាននូវភាពភ័យខ្លាចជាខ្លាំងដល់ប្រជាជននៅលើពិភពលោក។

ទោះយ៉ាងណាការខកខានរបស់ទណ្ឌិត សម រង្ស៊ី ក្នុងផែនការព្យាបាទទៅលើនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រសិនបើលោកស្រី គ្លីនតុន ជាប់ឆ្នោតវិញនោះ បានផ្តល់នូវបរិយាកាសល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។ នៅលើបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក ក៏ដូចជាការពិភាក្សាគ្នានៅតាមទីកន្លែងផ្សេងៗ បើទោះជាមានអ្នកខ្លះចាញ់ការភ្នាល់ក្តី ប៉ុន្តែស្ថិរភាពនយោបាយនៅក្នុងប្រទេស គឺមិនឡើងកម្តៅឡើយ។ ផ្ទុយទៅវិញបរិយាកាសសង្គមកាន់តែមានភាពស្រស់បំព្រង ជាមួយនឹងការប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយប្រធានាធិបតីថ្មី អាមេរិក លោក ដូណាល់ត្រាំ លើគ្រប់វិស័យ ទាំងកម្រិតទ្វេរភាគី និងពហុភាគី ។ នេះបើយោងតាមសារលិខិតអបអរសាទររបស់លោក ហ៊ុន សែន ផ្ញើជូនចំពោះលោក ដូណាល់ត្រាំ។

ក្នុងស្ថានភាពនេះ បក្សប្រឆាំងត្រូវបានគេមើលឃើញថា បានក្លាយជាបក្សហាក់ដូចជាគ្មានគោលការណ៍ច្បាស់លាស់ ចាក់ខ្សែ ហៃអើទាំងបេះដូងក្តៅដោយកំហឹង។ ក្រៅពីនេះការខ្វែងគំនិតគ្នា រវាងលោក កឹម សុខា និងលោកសម រង្ស៊ី អំពីការបែកបាក់ផ្ទៃក្នុង បន្ថែមពីលើភាពអាម៉ាស់របស់មេបក្ស ដែលបរាជ័យក្នុងផែនការ ខ្មៅរបស់ខ្លួន ក៏ជារងើកភ្លើងមួយកំពុងតែឆេះក្តៅងំផងដែរ។

ជាការបំភ័ន្តភ្នែក បក្សប្រឆាំងខំប្រឹងធ្វើជាបង្ខំចិត្ត ក្នុងការចេញលិខិតអបអរសាទរលោក ដូណាល់ត្រាំ ទាំងខ្លួនឯងស្ថិតនៅក្នុងការបាត់ជំហរ ពីព្រោះ ការឈ្នះឆ្នោតរបស់លោក ដូណាល់ត្រាំ គឺជាការបំបាក់ឆ្អឹងខ្នងទណ្ឌិត សម រង្ស៊ី ដែលជាមេបក្សសង្គ្រោះជាតិបាត់ទៅហើយ!៕

ដោយ៖ សេនាជំនិត