(កំពត)៖ អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក នាក់ សំបូរ អាយុជាង៣០ឆ្នាំ ត្រូវបានកម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តកំពត ចាប់ខ្លួន រឿងជំពាក់ប្រាក់អ្នកលក់គ្រឿងសំណង់ រហូតដល់ជាង២០មឺុនដុល្លារ ដើម្បីយកទៅកសាងវត្តមួយនៅខេត្តកំពត ដើម្បីចង់បានងារជាឧកញ៉ា។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងអាវុធហត្ថខេត្តកំពត និងជាប្រធានមន្ទីរយុត្តិធម៍ បានប្រាប់ភ្នាក់ងារ Fresh News ថា រហូតមកដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក នាក់ សំបូរ កំពុងស្ថិតក្រោមការសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តកំពតនៅឡើយ។

លោក ហែម ចាន់ដារ៉ា បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ឃុំខ្លួនចុះថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០១៥ របស់លោក ហុង សុគុណវឌ្ឍនា ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តកំពត ពីបទ​​ «រំលោភលេីទំនុកចិត្ត»។

មន្រ្តីអាវុធហត្ថម្នាក់បានលួចបង្ហើបថា ការចាប់ខ្លួនជនសង្ស័យរូបនេះ ដែលជាមន្រ្តីជាន់ខ្ពស់ក្រសួងធម្មការ បានធ្វើឡើងដោយសារតែគាត់ បានទៅទិញគ្រឿងសំណង់របស់គេ យកទៅកសាងវត្តរហូតដល់ជាង២០មឺិនដុល្លារ តែមិនព្រមសង។

មន្រ្តីក្រសួងធម្មការម្នាក់ បានឲ្យដឹងថា លោក នាក់ សំបូរ ពិតជាមានតួនាទី ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ ពិតប្រាកដមែន តែទើបនឹងទទួលបានព្រះរាជក្រឹត្យ តែងតាំងនាពេលថ្មីៗនេះទេ។

បើតាមមន្រ្តីដដែលនេះ លោក នាក់ សំបូរ ពីមុនធ្លាប់បួសជាព្រះសង្ឃនៅប្រទេសថៃ ហើយក្រោយមកត្រូវបានតែងតាំងជាជំនួយការលោក មិន ឃិន អតីតរដ្ឋមន្រ្តីក្រសួងធម្មការ តែក្រោយពេលលោក មិន ឃិន ស្លាប់ទៅ ស្រាប់តែទៅរត់ការ បានរហូតជាអនុរដ្ឋលេខាធិការក្រសួងតែម្តងធ្វើឲ្យគេភ្ញាក់ផ្អើលគ្រប់គ្នា។

មន្រ្តីរូបនេះ បានបន្តទៀតថា លោក នាក់ សំបូរ រូបនេះ បានអ៊ួតប្រាប់គេឯងពេញក្រសួង រឿងរកសីុ ជាពិសេសនាំឈ្មួញថៃមកទិញដីនៅស្រុកខ្មែរជាហូរហែរ ហើយក៏ធ្លាប់បានប្រកាសប្រាប់គេឯងថា មានមន្រ្តីយោធាជាន់ខ្ពស់នៅពីក្រោយខ្នងទៀតផង។

ការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើងខណ:ដែលលោកបានចេញពីកម្មវិធី ប្រារព្ធខួបថ្ងៃឯករាជ្យ ៩វិច្ឆិកា ហើយទៅខេត្តកំពត ជាមួយមន្រ្តីស្ថានទូតថៃ ដើម្បីចូលរួមបុណ្យកឋិន៕