(ពោធិ៍សាត់)៖ ក្មេងស្រីម្នាក់ បានសម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួនឯង ជាមួយខ្សែនីឡុងជាមួយខោជើងវែងជាប់នឹងធ្នឹមផ្ទះ ដោយសារតែខឹងឪពុកម្តាយប្រើឲ្យមើលគោ​ក្របីរាល់ថ្ងៃ មិនបានដើរ​លេងនឹងគេ។ ហេតុការណ៍នេះបង្កឲ្យមាន​ការភ្ញាក់ផ្ញើល កាលពីវេលាម៉ោង៣៖១៥នាទីព្រឹក ឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា​ ឆ្នាំ២០១៦នេះ នៅចំណុចក្រោមផ្ទះ​ក្មេងស្រីរងគ្រោះ ស្ថិតក្នុង​ភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន​ អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សាកសពក្មេងស្រីដែលគិតខ្លី ចងកសម្លាប់ខ្លួនឯងនោះ មានឈ្មោះ សៃ វណ្ណា ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើត​ហេតុខាងលើ​, មានបងប្អូនបង្កើត ០៥នាក់ ក្នុងនោះប្រុស ០៤នាក់, មានឪពុកឈ្មោះ សៃ សូយ មុខរបរជាកសិករ និងម្តាយឈ្មោះ យន់ យួន មុខរបរ​ចេញចូលរក​ស៉ីនៅស្វាយស៊ីសាផុន។

លោកអធិការបានបន្តថា កាលពីថ្ងៃទី០៨ ខែតុលា​ ក្មេងស្រីរងគ្រោះបានដើរលេងភ្លេចមើលគោក្របី ពេលត្រលប់មកផ្ទះវិញ ឪពុក​របស់ក្មេងស្រីរងគ្រោះបានជេររករឿង ទើបក្មេងស្រីរងគ្រោះ តូចចិត្តក៏បានសម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួនឯង ជាមួយខ្សែនីឡុងជាមួយខោជើងវែង​ជាប់នឹងធ្នឹមខាងក្រោមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យសាកសព ឃើញថាក្មេងស្រីរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយសារតែខឹងឪពុកម្តាយប្រើឲ្យមើលគោក្របីរាល់ថ្ងៃ មិនបានដើរលេងនឹងគេ។ បច្ចុប្បន្នសាកសពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕