(ភ្នំពេញ)៖ លោក ដូណាល់ ត្រាំ បុរសដែលលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជាហៅថា ជាជនផ្តាច់ការនោះ នៅពេលនេះបានក្លាយជាប្រធានាធិបតីលើកទី៤៥ របស់អាមេរិកហើយ ជាមួយសំឡេងគាំទ្រលើសលប់ ខណៈគូប្រជែងរបស់លោកមកពីគណបក្សប្រជាធិប តេយ្យ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានសំឡេងគាំទ្រត្រឹមតែ២១៨ប៉ុណ្ណោះ។

លោក ដូណាល់ត្រាំ បានទទួលជ័យជម្នះជាង៣០រដ្ឋ ដែលក្នុងនោះមានរដ្ឋធំៗជាច្រើនដូចជា រដ្ឋ Texas, Florida និង Ohio ជាដើម។ ដោយឡែកលោកស្រី ហ៊ីលឡារី គ្លីនតុន បានយកឈ្នះជាង ២០រដ្ឋ ក្នុងនោះមានរដ្ឋធំៗ ដូចជា រដ្ឋ Washington, California និង Newyork ជាដើម។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកា បានហៅលោក ដូណាល់ ត្រាំ ថា មិនមែនជាជាអ្នកប្រជាធិបតេយ្យនោះ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយ។ លោក សម រង្ស៊ី ថែមទាំងបានលើកឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុត ចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ។

ក្នុងបទសម្ភាសន៍ជាមួយខេមបូឌា ដេលី លោក សម រង្ស៊ី បានបញ្ជាក់ដូច្នេះ «បក្សីដែលមានរោមដូចគ្នា វានៅផ្ដុំជាមួយគ្នា។ លោក ត្រាំ ហាក់ជឿជាក់លើអំណាចផ្ដាច់ការរបស់លុយ ហើយលោក ហ៊ុន សែន ហាក់ជឿជាក់អំណាចផ្ដាច់ការរបស់កាំភ្លើងបូករួមជាមួយនឹងលុយ។ ត្រាំ និងលោក ហ៊ុន សែន ពិតជាមិនមែនអ្នកប្រជាធបិតេយ្យនោះទេ»

ការហៅលោក ត្រាំ ថាជាជនផ្តាច់ការដោយភ្ជាប់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផង ពីសំណាក់មេបក្សប្រឆាំង នៅកម្ពុជានេះ បានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន មានប្រតិកម្មខ្លាំងៗផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានគូសបញ្ជាក់ថា សម្តេចនឹងបញ្ជូនសាររិះគន់របស់លោក សម រង្ស៊ី ឲ្យទៅដល់ដៃ របស់លោក ត្រាំ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអាមេរិកឲ្យកត់ចំណាំទុកនូវពាក្យសម្តីរបស់លោក សម រង្ស៊ី ដែលបានហៅ លោក ត្រាំ ថាជា «ជនផ្តាច់ការ»៕