(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឲ្យសិស្សានុសិស្ស យុវជនជំនាន់ក្រោយទាំងអស់ មានការខឹតខំប្រឹងរៀនសូត្រ ដើម្បីប្រកួតប្រជែង ផ្នែកធនធានមនុស្សជាមួយប្រទេសដទៃ ។

ការអំពាវនាវនេះ បានធ្វើឡើងស្របពេលដែល លោកបណ្ឌិត ហង់ជួន ណារ៉ុន បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់បណ្ណាល័យ នៅវិទ្យាល័យទួលទំពូង នៅថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ ដែលមានការអញ្ចើញចូលរួមពីលោកគ្រូ អ្នកគ្រូ អតីតសិស្ស និងសិស្សានុសិស្សជាច្រើនរូបទៀត។

លោក ហង់ជួន ណារ៉ុន បានឲ្យដឹងថា «ចង់ឲ្យប្អូនៗសិស្សានុសិស្ស ជាយុវជនខំប្រឹងរៀនពីព្រោះថានៅពេលបច្ចុប្បន្ន ជាសមាជិកអាស៊ានផង ក៏ដូចជាប្រទេសមួយដែលមានសេដ្ឋកិច្ចបើកជំហរផង យើងត្រួវប្រកួតប្រជែងជាមួយគេផ្សេងទៀត ដើម្បីឲ្យមានភាពវិនិយោគទុន នៅកម្ពុជា មានការសាងសង់រោងចក្រ បង្កើតនៅវិស័យសេដ្ឋកិច្ចថ្មីៗ អេឡិចត្រូទិចផ្សេងៗ រឺមួយក៏ដើម្បីប្រើប្រាស់ធនធាននៅកម្ពុជាមានប្រសិទ្ធភាព»

លោកបន្ថែមទៀតថា «យើងសំបូរទៅដោយកសិផល ប៉ុន្តែការកែច្នៃកសិផលពុំបានមានកំរិតខ្ពស់នោះទេ ដោយសារតែកំរិតបច្ចេកវិទ្យា នៅប្រទេសកម្ពុជាយើង នៅមានកំរិតទាបនៅឡើយ ឧទារហណ៍ថា ដាំដំឡូង នៅកសិផល រឺក៏ផ្លែឈើផ្សេងៗ នឹងមិនបានរក្សាទុកទេ ពេលដែលចូលទៅផ្សារទៅ ឃើញសុទ្ធតែរបស់នាំចូល ហើយរបស់ដែលផលិតប្រទេសយើង អត់ទុកបានយូរដូចរបស់គេ»

លោកបានបញ្ជាក់ថា «សំខាន់ណាស់វាសនាប្រទេសជាតិយើងពឹងផ្អែក នៅលើប្អូនៗយុវជន ដែលជាជនជំនាន់ក្រោយ ដែលអាចរៀនសូត្រនេះបានហើយ និងអាចពូកែជាងបងៗជំនាន់មុខបើសិនជាអ្នកជំនាន់ក្រោយ មិនពូកែជាងជំនាន់មុខ មានន័យថាយើងអត់មានការអភិវឌ្ឍន៍ទេ ហើយក៏ប្រទេសយើងមិនអាចទៅមុខល្បឿនដែល»