(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការឡោមព័ទ្ធ ហើយឈានទៅដល់ការបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ជនជាតិចិនដែលបាញ់សម្លាប់បុរសសន្តិសុខ ក្រោយចូលប្លន់យកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការពីជនជាតិចិនដូចគ្នាកាលពី៣ថ្ងៃមុននេះ។

ភ្នាក់ងារ Fresh News ដែលកំពុងយកព័ត៌មាននៅកន្លែងបង្ក្រាបក្រុមចោរប្លន់នេះ បានរាយការណ៍មកថា កម្លាំងនគរបាលជាច្រើននាក់ សហការជាមួយកម្លាំងអាវុធហត្ថ បានធ្វើការឡោមព័ទ្ធ កន្លែងស្នាក់នៅរបស់ក្រុមជនសង្ស័យស្ថិតនៅភូមិក្បាលដំរី សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ។

ក្រោយធ្វើការឡោមព័ទ្ធ កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ ខណ:ម្នាក់ទៀត ជាជនដៃដល់នោះ កំពុងតាមយកបន្តទៀត។

សូមបញ្ជាក់ថា ក្រុមចោរពីរនាក់ស្លៀកពាក់ស៊ីវិល និងពាក់ម៉ាស់មុខ បានដើរចូលទៅក្នុងផ្ទះ បើកលក់សៀវភៅ ប៊ិច និងសម្ភារសិក្សា របស់ជនជាតិចិនឈ្មោះ លូ បាយហេង អាយុ៥៤ឆ្នាំ។

ពេលចូលទៅក្នុងផ្ទះ ក្រុមចោរបានទាញទ្វារបិទ ព្រមទាំងបានដកកាំភ្លើងភ្ជង់ម្ចាស់ផ្ទះ និងនិយាយភាសាចិនទារលុយ ព្រមទាំងទាញយកខ្សែករមួយខ្សែផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលក្រុមចោរកំពុង ធ្វើសកម្មភាពនោះ ភរិយារបស់ជនរងគ្រោះ ដែលនៅជាន់លើ ក៏ស្រែកជាភាសាចិនថា ចោរចូលប្លន់ ធ្វើឲ្យក្រុមចោរភ័យ ក៏បើកទ្វារផ្ទះរត់គេចខ្លួន ដោយរត់សំដៅទៅខាងរង្វង់មូលចោមចៅ។

ពេលទៅដល់រោងចក្រ PPM ក្រុមចោរបានរត់ចូលទៅក្នុងបុរី ដែលគេសាងសង់ឡើងក្នុងដីឡូតិ៍។

ភ្លាមៗនោះសន្តិសុខយាមនៅទីនោះ ដេញតាមសួរនាំ ក្នុងបំណងហាមឃាត់ក្រុមចោរ មិនចូលទៅក្នុងបុរីនោះ ស្រាប់តែជនល្មើសបានបាញ់មួយគ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះ យ៉េន រីណុង អាយុ ២៣ឆ្នាំ បណ្តាលឲ្យស្លាប់ ឯម្នាក់ទៀតជាសន្តិសុខយាមនៅភូមិគ្រឹះវូហោ ដែលដេញតាមដែរនោះ ត្រូវអំបែងកញ្ចក់ចំខ្លួនបណ្តាលឲ្យរងរបួសស្រាល។

បន្ទាប់ពីបាញ់បណ្តាលឲ្យសន្តិសុខស្លាប់ និងរបួសហើយ ក្រុមចោរ ក៏បានរត់គេចខ្លួនបាត់ទៅ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរបានប្លន់យកលុយ ពីក្នុងបណ្ណាគាររបស់ជនជាតិចិនយកលុយ ៥០០ដុល្លារ និងខ្សែករមួយខ្សែទម្ងន់ប្រមាណ១តម្លឹង៕